ដោយៈ ឫទ្ធិស័ក្តិ / ភ្នំពេញៈ ប្រជាពលរដ្ឋមួយចំនួន បានស្នើដល់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាពិនិត្យមើលទង្វើ របស់មន្ត្រីនគរបាលចរាចរណ៍ មួយចំនួន ដែលបានចាប់ផាកពិន័យម៉ូតូ និងរថយន្ត ប្រជាពលរដ្ឋ ដែលមិនទាំងបានខុសនឹងច្បាប់ចរាចរណ៍ និងបានបង្កឲ្យមានបញ្ហាកើតឡើង ជាបន្តបន្ទាប់ ការអនុវត្តលើសនីតិវិធី និងដើម្បីកុំឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ មន្ត្រីនគរបាលចរាចរណ៍ ក៏ដូចជា មន្ត្រីនគរបាលជាតិទាំងមូល។
ជាក់ស្តែង ដូចជាករណីក្រុមមន្ត្រីចរាចរណ៍ នៅគោលដៅស្តុបទួលទំពូង បានចាប់រថយន្ត ប្រជាពលរដ្ឋ ផាកពិន័យ (មិនចេញប័ណ្ណផាកពិន័យ) ទាំងគ្នាមិនបានព្រព្រឹត្តខុសផង នោះ។ ករណីនេះ ត្រូវបានប្រជាពលរដ្ឋ បង្ហោះវិដេអូរិះគន់យ៉ាងចាស់ដៃ នៅលើបណ្តាញ សង្គម។ បន្ទាប់ពីដឹងថា ខ្លួនខុស មន្ត្រីចរាចរណ៍ នៅគោលដៅស្តុបទួលទំពូង បានឆាតតាមរយៈ Messnger ទំនាក់ទំនងជាមួយប្រជាពលរដ្ឋ (ម្ចាស់ហ្វេសប៊ុក) ដោយឲ្យដកវីដេអូនោះចេញវិញ និងព្រមប្រគល់លុយ ដែលផាកពិន័យនោះឲ្យវិញ ហើយសំឡេងឆាតនោះ ត្រូវបានផ្សព្វផ្សាយកក្រើក លើបណ្តាញសង្គមថែមទៀតផង។

បែកធ្លាយសារសម្លេងរបស់មន្ត្រីនគរបាលចរាចរណ៍ នៅចំណុចស្តុបទួលទំពូង ដែលបានប្រព្រឹត្តខុសនីតិវិធី ធ្វើខុសគោលការណ៍ និងខុសវិន័យកងកម្លាំង ពាក់ព័ន្ធ ករណីឃាត់រថយន្តប្រជាពលរដ្ឋ និងបានផាកពិន័យ ទាំងមិនបានប្រព្រឹត្តខុស កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ដែលបានឆាត តាមរយៈ Messenger ទៅម្ចាស់រថយន្ត ឲ្យលុបវិដេអូ នៅក្នុងហ្វេសប៊ុកចេញ និងព្រមប្រគល់លុយដែល ផាកពនិយវិញ។

សារសម្លេងនេះ ត្រូវបានអ្នកលេងបណ្តាញសង្គម យកចែកចាយតៗគ្នា ពីមួយទៅមួយ តាមប្រព័ន្ធអេឡិចត្រូនិក និងបានធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើក្រុមមន្ត្រីនគរបាល ចរាចរណ៍ ដែលឈរជើងនៅចំណុចភ្លើងស្តុបទួលទំពូង ក្នុងការឃាត់រថយន្តប្រជាពលរដ្ឋ ផាកយកលុយដែលមិនបានប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍នោះ ហើយការផាកពិន័យនេះ ទៀតសោត គឺមិនបានចេញប័ណ្ណផាកពិន័យនោះទេ។

មន្ត្រីនគរបាលចរាចរណ៍ ដែលឆាតតាម Messenger ទៅម្ចាស់រថយន្តឲ្យលុបវិដេអូ នៅក្នុងហ្វេសប៊ុកចេញ គឺមានឈ្មោះ ថាច់ ប៊ុនធឿន ជាមន្ត្រីការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។

នៅក្នុងសារជាសម្លេង ដែលបែកធ្លាយនោះ ថាច់ ប៊ុនធឿន បាននិយាយយ៉ាងដូច្នេះថា “… បងសូមអង្វរអូនឯងដោយស្ម័គ្រ អូនឯងលុបវិដេអូននឹងទៅចាំបងផ្ញើលុយតាមវីង ឲ្យអូនឯងវិញ។ ឆ្លើយតបបងផងណា ចាំបងបាញ់លុយឲ្យវិញ”។ ចំណែកម្ចាស់រថយន្ត បានឆ្លើយតបវិញថា “ ដោយសារវាអយុត្តិធមម៌ពេក ហួសហេតុពេក ទាំងដែលយើង អត់ខុសសោះ បើសិនជាខ្ញុំ មានចំណុចខុស ខ្ញុំអត់ខឹងទេ ប៉ុន្តែនេះខ្ញុំអត់មានខុសអីទាំងអស់ ហើយគាត់នៅតែចោទប្រកាន់យើងខុសទាំងដែលយើងអត់ខុស។ ភ្លើងស្តុប ក៏ខ្ញុំអត់ បានបំពានដែរ គាត់នៅតែនិយាយថា ខ្ញុំខុស។ ហូលហេតុអីបានជាចាប់ប្រជាជនទាំងអត់ មានកំហុសសោះ ដល់ខ្ញុំផុសវិដេអូ ក្នុងហ្វេសប៊ុក បានសុំការអធ្យាស្រ័យនិងយោគយល់។ … ចេះខ្ញុំមានកាម៉ារ៉ាមេីល យកលុយប្រជាជនស្រសស់ៗ ទាំងគេអត់ខុសអី”។

តាមដឹងថា លោក ថាច់ ប៊ុនធឿន នៅជាប់បំរាម ក្នុងការអនុវត្តខុស នាពេលកន្លងមក។ ហើយមិនដឹងជាយ៉ាងម៉េច បានជាមកលួចឈរជេីង នៅគោលដៅស្តុបទួលទំពូងទៅវិញ។
មានការចោទសួរថា តើស្នងការរងនគររាជធានីភ្នំពេញ ទទួលផែនចរាចរណ៍ផ្លូវគោក និងនាយការិយាចរាចរណ៍ផ្លូវគោក បានដឹងរឿងដែលមន្ត្រីក្រោមឱវាទខ្លួន បានធ្វើខុស ជាបន្តបន្ទាប់ដែរឬទេ ? ហើយមានដែលអប់រំមន្ត្រីរបស់ខ្លួន និងត្រួតពិនិត្យឲ្យអនុវត្ត វិជ្ជាជីវៈឲ្យបានត្រឹមត្រូវដែររឺទេ? បានជាបណ្តែតបណ្តោយមន្ត្រីខ្លួន ធ្វើអ្វីតាមតែអំពើចិត្ត និងប្រព្រឹត្តខុសគោលការណ៍ ក្នុងការចាប់ម៉ូតូ ឡាន ប្រជាពលរដ្ឋដែលមិនបានខុស ទារលុយ និងថែមទាំងមិនចេញប័ណ្ណផាកពិន័យថែមទៀត។ ដែលទង្វើមិនគប្បីទាំងនេះ បានកើតមានឡើងជាបន្តបន្ទាប់ ក្នុងមួយរយៈពេលចុងក្រោយនេះ និងបានធ្វើឱ្យផ្ទុះ ការរិះគន់គ្រប់ទិសទី ពីសំណាក់ប្រជាពលរដ្ឋ។

សកម្មភាពរបស់មន្ត្រីចរាចរណ៍មួយចំនួន ត្រូវបានប្រជាពលរដ្ឋ យកទៅបង្ហោះកក្រើក ពេញហ្វេសប៊ុក។ ទាក់ទងករណីនេះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ មិនអាចសុំការអត្ថាធិប្បាយបានទេ នៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នេះ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល៕  V / N