ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ពូជស្រូវជាង ៤ តោន អង្ករ និងមីមួយចំនួន របស់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ ចំនួន ៤២ គ្រួសារ តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីឱ្យពួកគាត់បានបង្ក បង្កើនផលឡើងវិញ ក្រោយពីស្រូវ ស្រែរបស់ពួកគាត់ ត្រូវបានបំផ្លិញបំផ្លាញ ដោយទឹកជំនន់ នារដូវវស្សាកន្លងនេះ។

ពិធីចែកពូជស្រូវ និងផ្តល់អំណោយ ជូនប្រជាពលរដ្ឋ ទាំង ៤២ គ្រួសារនេះ បានធ្វើឡើង នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង នៅក្នុងបរិវេណសាលាសង្កាត់បឹងធំ ខណ្ឌកំបូល។

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានឱ្យដឹងថាៈ នៅខណ្ឌកំបូល មានផ្ទៃដី សម្រាប់ធ្វើកសិកម្ម ចំនួន ២.០៥២ ហិកតា ហើយក្នុងចំនួននេះ ផ្ទៃដីសម្រាប់ធ្វើស្រែ មានចំនួន ៥៤០ ហិកតា។ ក្នុងចំណោមផ្ទៃដីធ្វើស្រែ ចំនួន ៥៤០ ហិកតានេះ ត្រូវបានបំផ្លាញដោយជំនន់ទឹកភ្លៀង ចំនួន ៣៤ ហិកតា ស្មើនឹង ៤២ គ្រួសារ ស្មើនឹង ២ ភូមិ នោះគឺ ភូមិខ្ចៅ និងភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌកំបូល។

ដោយឡែក លោក ឃួង ស្រេង បានមានប្រសាសន៍ ក្នុឱកាសនោះថាៈ យើងពិតជាមាន ភ័ព្វសំណាងណាស់ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអ្នកដឹកនាំ ប្រទេស ដោយសម្តេច ជាថ្នាក់ដឹកនាំ ដែលតែងតែគិតគូរ ពីសុខទុក្ខប្រជាពលរដ្ឋជានិច្ច ពោលគឺ ទីណាមានការលំបាក ទីនោះគឺមានមុខសម្តេចតេជោ ចុះជួយជានិច្ច។ ជាក់ស្តែង សម្រាប់ពេលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកពូជស្រូវអង្ករ និងមីមួយចំនួន ជូនប្រជាពលរដ្ឋ នៅសង្កាត់បឹងធំនេះ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីបានបំផ្លិចបំផ្លាញ ដោយជំនន់ទឹកភ្លៀង កន្លងមកនេះ។

អំណោយដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះ ទាំង ៤២ គ្រួសារនេះ ដោយក្នុងមួយ គ្រួសារ ទទួលបានស្រូវពូជ ចំនួន ១០០ គីឡូក្រាម, អង្ករ ១ បាវ និងមី ១​ កេស។

លោក ឃួង ស្រេង សង្ឃឹមថាៈ ស្រូវពូជដែលបានប្រគល់ជូននេះ បងប្អូន នឹងយកទៅ បង្កបង្កើនផលបានទិន្នផលខ្ពស់ ដើម្បីឱ្យជីវភាពគ្រួសារ កាន់តែប្រសើរឡើង៕ V / N