ដោយៈ បាយ័ន / សៀមរាបៈ អង្គកឋិនទានសាមគ្គីមួយ ដែលផ្តួចផ្តើមឡើងដោយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តសៀមរាប ដោយមានការចូលរួមពី លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត​លោក ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត​ រួមទាំងសមាជិក សមាជិកា ក្រុមការងារ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ និង លោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយ រួមទាំង អាជ្ញាធរ បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ផ្តើមធ្វើបុណ្យ អង្គកឋិនទានមហាសាមគ្គី ដើម្បីដង្ហែយកត្រៃចីវរ វេប្រគេនចំពោះព្រះភិក្ខុសង្ឃ គង់ចាំព្រះវស្សា អស់ត្រីមាស ក្នុងទីអារាមវត្តទេពពោធិវង្ស ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងខេត្តសៀមរាប ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានាក្នុងវត្ត ដែលប្រារព្ធឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ក្នុងបរិវេណវត្តទេពពោធិវង្ស។

រូបថត (​ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ )

កម្មវិធីនេះ បានប្រព្រឹត្តិទៅតាមលំអាន ប្រពៃណីព្រះពុទ្ឋសាសនា និងបានធ្វើពិធីដង្ហែ អង្គកឋិនទាន វេរនូវត្រៃចីវរ សង្ឃដី ស្បង់ និងទេយ្យទាន អមកឋិនផ្សេងៗ ព្រមទាំងបច្ច័យ សង្កត់ត្រៃសរុបចំនួន ៧១,៩៤៣ ដុល្លារអាមេរិក (គិតជារួមទាំងប្រាក់រៀល និងប្រាក់បាតថៃ) ក្នុងនេះដែរ ថវិកាចំនួន ២សែន ៥ម៉ឺនបាត បានមកពីការអង្គកឋិនមួយ របស់ពុទ្ធបរិស័ទថៃ ដង្ហែចូលវត្តជាមួយគ្នា ។

ព្រះគ្រូប្រាសាទចន្ទរង្សី សាសនធរោ បណ្ឌិត ឡាច លាង ព្រះអនុគណ ក្រុងសៀមរាប និងជាចៅអធិការ វត្តទេពពោធិវង្ស មានសង្ឃដីកាថាៈ បច្ច័យអមត្រៃដែលទទួលបាន ពីអង្គកឋិនទាននេះ ក្រៅពីការលៃលក សម្រាប់ចង្ហាន់ប្រចាំថ្ងៃព្រះសង្ឃ និងផ្គត់ផ្គង់លើ តម្រូវការចាំបាច់ក្នុងវត្ត ថវិកាមួយចំនួនធំ ត្រូវយកទៅចាក់ដីលុបទីទំនាបៗ ក្នុងវត្ត និងបន្តសាងសង់នូវ អគារសាលាអនុគណ មានបណ្តោយ ១២ ម. និងទទឹង ៣១ ម. កំពស់ ២ ជាន់ សង់ពីឥដ្ឋ ដែក និងស៊ីម៉ង់ត៍ ដែលបានកសាង កាលពីឆ្នាំ២០១៩ មកដល់ពេលនេះ សម្រេចបានប្រមាណជា ៨០% ហើយ។

បើតាមគណៈកម្មការ អាចារ្យ ប្រកាសថា បុណ្យកឋិនទាន ជាទានមួយដែលប្លែកពី ទានដទៃៗឯទៀត គឺប្លែកដោយកាល មានត្រឹមតែ ២៩ ថ្ងៃតែប៉ុណ្ណោះ ប្លែកដោយវត្ថុ គឺវត្ថុសម្រាប់កឋិន មាន៣ សង្ឃាដី ចីវរ ស្បង់ តែប៉ុណ្ណោះ ហើយកឋិនទាន ជាកាលទាន មានផលវិសេសជាងទានទាំងពួង ព្រោះបានផលដល់ទាយក ម្ចាស់ទានផង បានអានិសង្ឃដល់ភិក្ខុ ជាបដិគ្គាហកៈ អ្នកទទួលក្រាលគ្រង និងអ្នកអនុមោទនាផង៕​ V / N