ដោយ៖តារារិទ្ធ(ពោធិ៍សាត់)៖នៅព្រឹកថ្ងៃទី ៣៥ខែតុលាឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជានឹងអញ្ជើញប្រគល់ស្រូវពូជប្រមាណ ៥១៤,៥០០ គីឡូក្រាម ជូនដល់ប្រជាពលរដ្ឋប្រមាណ ៥,១៤៥គ្រួសារដែលរងគ្រោះដោយសារគ្រោះទឹកជំនន់នៅក្នុងខេត្តពោធិសាត់ ។

 

ខេត្តពោធិ៍សាត់ក៏ជាខេត្តមួយដែលបានរងការជន់លិចធ្ងន់ធ្ងរផងដែរដោយសារជំនន់ទឹកភ្លៀងនិងទឹកហូរធ្លាក់មកពីតំបន់ជ្សេង បានបង្កឱ្យប៉ះពាល់ភូមិសាស្រ្ត ៧ក្រុង/ស្រុក,ប៉ះ ពាល់ប្រជាពលរដ្ឋសរុបចំនួន ១៣,៧៧៥ គ្រួសារស្មើនឹងចំនួន ៦,៧០៩ ខ្នងផ្ទះ ។ ជម្លៀសប្រជាជនរយៈពេលខ្លីទៅកាន់ទីទួលសុវត្ថិភាពចំនួន១៧៤គ្រួសារ។ ក្នុងនោះលង់ទឹកស្លាប់ ចំនួន ៤នាក់ ។ ទឹកជំនន់ ក៏បានបង្កឱ្យប៉ះពាល់សាលារៀនចំនួន ២៥កន្លែង មណ្ឌលសុខភាពចំនួន ២កន្លែង, ប៉ះពាល់វត្តអារាម និងវិហារសាសនាចំនួន ១៦កន្លែង,ប៉ះពាល់ផ្លូវ កៅស៊ូចំនួន ៣,០៥០ម៉ែត្រ,ប៉ះពាល់ផ្លូវគ្រួសក្រហមចំនួន ៩២,១១៥ម៉ែត្រ, ប៉ះពាល់អណ្តូងទឹកចំនួន ៩៦កន្លែង ស្រះទឹកចំនួន ៦៦កន្លែង បង្គន់ចំនួន ២,៣១១កន្លែង ។ នេះបើយោង តាមលោក ចេង ឡៃ អភិបាលស្តីទីនៃគណៈអភិ បាលខេត្តពោធិ៍សាត់ ។

លោក ចេង ឡៃ បានឱ្យដឹងថាគ្រោះទឹកជំនន់នេះបានបង្កឱ្យប៉ះពាល់ដំណាំស្រូវចំនួន ១៩,៥៩៦ ហិកតាខូចខាតស្រូវចំនួន ៩,៣២១ ហិកតា។ក្នុងនោះផ្ទៃដីអាចស្តារឡើងវិញបាន ចំនួន ៦,៦៦៨ហិកតា,ប៉ះពាល់ដំណាំកសិ-ឧស្សាហកម្មចំនួន ៣,០៤៧ហិកតា និងដំណាំរួមផ្សំចំនួន ៣,២០៩ហិកតា ។ គណៈកម្មាធិ ការ គ្រប់គ្រងគ្រោះមហន្តរាយខេត្តនិងសាខាកាក បាទក្រហមកម្ពុជាបានឆ្លើយតបស្បៀងសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១,០៣២គ្រួសារក្នុងនោះស្រុកកណ្តៀងចំនួន ២០៥គ្រួសារនិងស្រុកក្រគរចំនួន ៨២៧គ្រួសារ។

បន្ថែមពីលើនោះកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តពោធិ៍សាត់ក៏បានទទួលអង្ករចំនួន ១០០តោនជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិតិ្ត ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនោះរដ្ឋបាលខេត្តបានផ្តល់ជូនរដ្ឋបាលស្រុកបាកានចំនួន ៥០ តោន សម្រាប់ចែកជូនប្រជាពលរដ្ឋចំនួន ២,០០០គ្រួសារ ក្នុង១គ្រួសារទទួល បានអង្ករ ២៥ គីឡូក្រាម, មី១កេស, ត្រីខ១ឡូ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងរដ្ឋបាលស្រុកកណ្តៀងចំនួន ៥០តោនសម្រាប់ចែកជូនប្រជាពលរដ្ឋចំនួន ២,០០០គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម,ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ ដែលសុទ្ធសឹងជាគ្រួសាររងគ្រោះដោយទឹកជំនន់ និងខ្វះស្បៀងពិតប្រាកដ ៕