ដោយៈតារារិទ្ធ/ពោធិ៍សាត់៖នៅព្រឹកថ្ងៃទី ៣៥ ខែតុលា ឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញប្រគល់ស្រូវពូជប្រមាណ ៥១៤,៥០០ គីឡូក្រាម ជូនដល់ប្រជាពលរដ្ឋប្រមាណ ៥.១៤៥ គ្រួសារដែលរងគ្រោះដោយសារគ្រោះទឹកជំនន់នៅក្នុងខេត្តពោធិសាត់ ។

ខេត្តពោធិ៍សាត់ក៏ជាខេត្តមួយដែលបានរងការជន់លិចដោយសារជំនន់ទឹកភ្លៀងនិងទឹកហូរធ្លាក់មកពីតំបន់ជ្សេង បានបង្កឱ្យប៉ះពាល់ភូមិសាស្រ្ត ៧ក្រុង/ស្រុក,ប៉ះ ពាល់ប្រជាពលរដ្ឋសរុបចំនួន ១៣.៧៧៥គ្រួសារស្មើនឹង ចំនួន៦,៧០៩ខ្នងផ្ទះ។ជម្លៀសប្រជាជនរយៈពេលខ្លីទៅកាន់ទីទួលសុវត្ថិភាពចំនួន១៧៤គ្រួសារ។ក្នុងនោះលង់ទឹកស្លាប់ ចំនួន៤នាក់ ។

ទឹកជំនន់ ក៏បានបង្កឱ្យប៉ះពាល់សាលារៀនចំនួន ២៥កន្លែង មណ្ឌលសុខភាពចំនួនពីរកន្លែង,វត្ត និងវិហារសាសនាចំនួន ១៦កន្លែង,ផ្លូវកៅស៊ូចំនួន ៣,០៥០ម៉ែត្រ,ផ្លូវក្រួសក្រហមចំនួន ៩២.១១៥ម៉ែត្រ, អណ្តូងទឹកចំនួន ៩៦កន្លែង ស្រះទឹកចំនួន ៦៦កន្លែង បង្គន់ចំនួន ២.៣១១កន្លែង ។ នេះបើយោងតាមលោក ចេង ឡៃ អភិបាលស្តីទីនៃគណៈអភិបាលខេត្តពោធិ៍សាត់ ។

លោក ចេង ឡៃ បានឱ្យដឹងថាគ្រោះទឹកជំនន់នេះបានបង្កឱ្យប៉ះពាល់ដំណាំស្រូវចំនួន១៩,៥៩៦ហិកតាខូចខាត ស្រូវចំនួន៩,៣២១ហិកតា។ក្នុងនោះផ្ទៃដីអាចស្តារឡើងវិញបានចំនួន៦,៦៦៨ហិកតា,ប៉ះពាល់ដំណាំកសិ-ឧស្សាហកម្មចំនួន ៣,០៤៧ហិកតា និងដំណាំរួមផ្សំចំនួន ៣,២០៩ហិកតា ។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តនិងសាខាកាកបាទក្រហមកម្ពុជាបានឆ្លើយតបស្បៀងសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន១,០៣២គ្រួសារក្នុងនោះស្រុកកណ្តៀងចំនួន២០៥គ្រួសារនិងស្រុកក្រគរចំនួន ៨២៧គ្រួសារ។

បន្ថែមពីលើនោះកាលពីថ្ងៃទី១៧ ខែតុលាកន្លងទៅ រដ្ឋបាលខេត្តពោធិ៍សាត់ក៏បានទទួលអង្ករចំនួន១០០ តោនជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្ត ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះ៕សរន