ដោយៈ​តារា​រិ​ទ្ធ​/​ពោធិ៍សាត់ៈ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថាៈ រាជរដ្ឋាភិបាល​បាន​ខិតខំ​ដោះស្រាយ​បញ្ហា​ទាក់ ទង​ជាមួយនឹង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​របស់​យើង មិន​គ្រាន់តែ​បញ្ហា​ស្បៀង​ទេ​តែ​យើង​ត្រូវ​ផ្ដល់​សំខាន់​ទៅលើ​បញ្ហា​ពូជ​សម្រាប់​ការស្ដារ​ឡើងវិញ​។​

​សម្តេច​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២២ ក្នុង​ពិធី​ចែក​ស្រូវពូជ​ប្រមាណ ៥១៤.៥០០ គីឡូក្រាម ជូន​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ៥.១៤៥ គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់​នៅក្នុង​ខេត្តពោធិ៍សាត់ ។​

​សម្តេច​មានប្រសាសន៍ថា ការចែកជូន​ស្រូវពូជ​នេះ ដើម្បី​មានលទ្ធភាព​បង្កប​បង្កើន​ផល​ហើយ​បើ​យោងទៅលើ​បញ្ហា​ទឹក​ដែល​កំពុង​ស្រក​យឺត​។ ដែល​បង្ក​ល្ខ​ណៈ​ឲ្យ​យើង​មានលទ្ធភាព​បង្កបង្កើន ផល​តទៅទៀត​ជាពិសេស​គឺ​លើ​ដំណាំ ស្រូវ​នេះឯង​។​យើង​បានដឹងហើយថា​ការជួប​ប្រទះ​នៃ​បញ្ហា​គ្រោះធម្មជាតិ​នេះ​គឺ​មិនមែន​គ្រប់​តែ​ក្រុមគ្រួសារ​ទាំងអស់​នោះទេ​។ អ្នកខ្លះ​អាច​ស្តារឡើងវិញ​បាន ប៉ុន្តែ​អ្នក​ដែល​មិនមាន​លទ្ធភាព​ស្តារឡើងវិញ យើង​អាច​ផ្តល់​ពូជ​ដំណាំ​ក្នុង​រយៈពេល​ខ្លី គេ​ហៅថា​ដំណាំ​រួមផ្សំ​ដើម្បី​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​ដី​ដែល​ពុំមាន​ប្រភពទឹក​គ្រប់គ្រាន់​នោះ​បង្កើន​ផល​ក្នុង​រយៈពេល​ខ្លី​នេះ​គឺជា​ដំណោះ ស្រាយ​សម្រាប់​បញ្ហា​ប្រឈម​ដែល​យើង​បាននិងកំពុង​ជួបប្រទះ​នៅទីនេះ ៕​