​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក រី​ស៊ី ស៊ូ​ណាក់ នឹង​ត្រូវ​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​បន្ទាប់​របស់​អង់គ្លេស​ដោយ​ព្រះមហាក្សត្រ ហើយ​នឹង​សម្លឹង​បង្កើត​គណៈរដ្ឋមន្ត្រី​ថ្មី​មួយ​ដែល​អាច​បង្រួប​​បង្រួម​គណបក្ស Tory (​បក្ស​អភិរក្សនិយម​) ដែល​ប្រេះស្រាំ​។​

​លោក​បាន​ឈ្នះ​ការប្រកួតប្រជែង​តំណែង​ថ្នាក់ដឹកនាំ​បក្ស Tory ដោយ​មិន​មាន​ការបោះឆ្នោត បន្ទាប់​ពី​គូប្រជែង​គឺ​លោកស្រី ផេននី ម័​រដោន​ធ៍ (Penny Mordaunt) និង លោក បូរី​ស ច​ន​សុន ដកខ្លួន​ចេញ ហើយ​នឹង​ចូល​ជំនួស​លោកស្រី លី​ស ត្រាស (Liz Truss)​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​អង្គារ​ទី​២៥​តុលា​។​

​ការប្រគល់​អំណាច​នឹង​ឃើញ​លោកស្រី​ត្រាស ដែល​លាលែង​ពី​តំណែង​កាលពី​សប្តាហ៍​មុន​បន្ទាប់ពី​កាន់​ការងារ​កំពូល​បាន​តែ​ប្រាំមួយ​សប្តាហ៍​នោះ រៀបចំ​ប្រជុំ​គណៈរដ្ឋមន្ត្រី​ចុងក្រោយ​របស់​លោកស្រី​និង​​ថ្លែង​សុន្ទរកថា​លាគ្នា​នៅ​វិមាន​រដ្ឋាភិបាល (Downing Street) មុន​ពេល​ដាក់​ពាក្យ​លាលែង​ជា​ផ្លូវការ​របស់​លោកស្រី​ទៅកាន់​ស្តេច​ឆាល​នៅ​រាជវាំង​បាក់​ឃី​ង​ហ៊ែ​ម (Buckingham)​។​

​ល្គឹក​ណា​លោក​ស្រី​ចាកចេញ​ទៅ​ភ្លាម​នោះ វា​នឹង​ដល់​វេន​របស់លោក ស៊ូ ណាក់ ចូលគាល់​ព្រះមហាក្សត្រ ដែល​នឹង​សុំឱ្យ​លោក​បង្កើត​រដ្ឋបាល​មួយ​។​

​លោក​ស៊ូ​ណា​ក់​ត្រូវ​គេ​រំពឹងថា​នឹង​ថ្លែង​ទៅ​កាន់​ប្រជាជាតិ​នៅមុន​ថ្ងៃត្រង់ មុនពេល​ចូល​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​កាន់សាសនា​ហិណ្ឌូ​ដំបូង​គេ​របស់​ចក្រភព​អង់គ្លេស ដែល​ជា​ពូជពង្ស​អាស៊ី​ដំបូង​គេ និង​នាយករដ្ឋមន្ត្រី​ក្មេង​ជាងគេ​បំផុត​ក្នុង​រយៈពេល​ជាង ២០០ ឆ្នាំ​នៅ​អាយុ ៤២ ឆ្នាំ​។​

​បន្ទាប់មក​អតីតរដ្ឋមន្ត្រី​ហរិញ្ញវត្ថុ​រូប​នេះ​នឹង​បង្វែរ​ការយកចិត្តទុកដាក់​របស់​គាត់​ទៅលើ​ការប្រមូលផ្តុំ​ក្រុមមន្ត្រី​កំពូលៗ​ដែល​គាត់​សង្ឃឹមថា​នឹង​អាច​ផ្តល់​មក​វិញ​នូវ​វិធានការ​ស្ថិរភាព​ដល់​ទាំង​បក្ស​​អភិរក្ស​និង​ប្រទេសជាតិ​។​

​លោក​ត្រូវបាន​ជំរុញ​ឱ្យ​ចៀសវាង​កំហុស​របស់​លោកស្រី​ត្រាស​ក្នុងការ​តែងតាំង​តែ​អ្នក​ស្មោះត្រង់​ចំពោះ​តួនាទី​សំខាន់ៗ ដោយ​លោក ជែម​ស៍ ក្លេ​វើលី (James Cleverly) បាន​អំពាវនាវ​ឱ្យ​គណៈរដ្ឋមន្ត្រី​ដែល​រុះរើ​ឡើងវិញ បង្ហាញ​ក្រុម​រដ្ឋមន្ត្រី​ដែល​ល្អ​ដាច់​គេ​។​

​រដ្ឋមន្ត្រីការបរទេស​បាន​ប្រាប់​ទូរទស្សន៍ Sky News ថា “​យើង​ត្រូវមាន ១៥ នាក់​ដំបូង​នៅលើ​ទីលាន​។ ខ្ញុំ​ដឹង​ថា រី​ស៊ី​យល់​ពី​រឿង​នោះ​ហើយ​”​។​

​យោងតាម​របាយការណ៍ លោក​ស៊ូ​ណា​ក់​នឹងក​ងសាង​គណៈរដ្ឋមន្ត្រី​ដែល​ពោរពេញ​ដោយ “​មនុស្ស​មាន​ទេពកោសល្យ​ទាំងអស់​” ដែល​នឹង​ឃើញ​ការវិលត្រឡប់​មកវិញ​របស់​មនុស្ស​វ័យក្មេង​នៅក្នុង​នយោបាយ​៕

​លោក​ស៊ូ​ណាក់​លាលែង​ពី​តំណែង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​កាល​ជំនាន់​នាយករដ្ឋមន្ត្រី​បូរី​ស ច​ន​សុន​