​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ការវាយប្រហារ​តាម​អាកាស​ដោយ​យោធា​មី​យ៉ាន់​ម៉ា​លើ​បុណ្យ​តន្ត្រី​មួយ​បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់​កាលពី​ថ្ងៃអាទិត្យ នេះ​បើ​តាម​ការបញ្ជាក់​ពី​សមាជិកក្រុ​មជនជាតិ​ភាគ​​តិច​មួយ​និង​បុគ្គលិក​ជួយសង្គ្រោះ​កាលពី​ថ្ងៃ​ចន្ទ​។​

​អ្នក​ចំរៀង​និង​តន្ត្រីករ​ស្ថិត​ចំណោម​អ្នក​ស្លាប់​ក្នុង​ការវាយប្រហារ​ដែល​ទំនង​ផ្តោតលើ​ការជួបជុំ​អបអរ​ខួបបង្កើត​អង្គការ​នយោបាយ​របស់​ក្រុម​ជន​ជាត​កា​ជីន​នៅ​ភាគ​ខាងជើង​ប្រទេស​។​

​ការវាយប្រហារ​ដែល​តា​ម​សេចក្តីរាយការណ៍​ថា​ធ្វើឡើង​ដោយ​យន្តហោះ​ចម្បាំង​ពីរ កើតឡើង​បី​ថ្ងៃមុន​បណ្តា​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បើក​កិច្ចប្រជុំ​ពិសេស​មួយ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ដើម្បី​ពិភាក្សា​អំពើ​​ហិង្សា​កាន់តែ​រីកធំ​ឡើង​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​ចំនួន​មនុស្ស​ស្លាប់​នៅ​ពិធី​អបអរ​អង្គការ​ឯករាជ្យ​កា​ជីន​នៅក្នុង​រដ្ឋកា​ជីន​កាលពី​ថ្ងៃអាទិត្យ​ទំនង​ជា​ការបាត់បង់​អាយុជីវិត​មនុស្ស​ច្រើន​បំផុត​ក្នុង​ការវាយប្រហារ​តាម​ផ្លូវអាកាស​តែ​មួយ​ដង​ចាប់តាំងពី​​ក្រុម​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​មួយ​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០២១​។​

​ទោះជា​យ៉ាងណា​គេ​មិន​អាច​សុំ​ការបញ្ជាក់​ដោយ​ឯករាជ្យ​បាន​ទេ​អំពី​ឧបទ្ទវហេតុ​នេះ ក្រៅ​តែ​ពី​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​ក្រុម​ឧទ្ទាម​បះបោរ​នេះ​បាន​បង្ហោះ​វីដេអូ​បង្ហាញ​អំពី​អ្វី​ដែល​អាច​ជា​ទិដ្ឋភាព​នៅ​​ក្រោយ​ការវាយប្រហារ​។​

​នៅ​មិនទាន់​មាន​ការនិយាយ​ឬ​បញ្ជាក់​យ៉ាង​ណា​ពី​យោធា​ឬ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​នៅឡើយ​ទេ​ចំពោះ​ហេតុការណ៍​នេះ​។​

​រូបភាព​បង្ហាញ​ផ្ទះ​ឈើ​ត្រូវ​បំផ្លាញ​ខ្ចាត់ខ្ចាយ សាកសព​មនុស្ស​ដេក​លើ​កម្រាល​និង​កន្ទេល​។​

​ប្រភព​ព័ត៌មាន​ក្នុងស្រុក​ខ្លះនិ​យាយថា នៅពេល​សារព័ត៌មាន​ភាគច្រើន​ថា​មនុស្ស​៦០​នាក់​ត្រូវបាន​សម្លាប់​ក្នុង​ការវាយប្រហារ​នេះ សារព័ត៌មាន​ខ្លះ​ថា​មនុស្ស​ដល់​ទៅ​១០០​នាក់​បាន​ស្លាប់​។​

​វរសេនីយ៍ឯក ណាវ ប៊ូ​(Naw Bu)​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​កាលពី​ថ្ងៃ​ចន្ទ​ថា «​នៅ​ប្រមាណ​ជា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃអាទិត្យ យន្តហោះ​យោធា​មី​យ៉ាន់​ម៉ា​ពីរបាន​វាយប្រហារ​ពិធី​មួយ​​របស់​កងទ័ព​ឯករាជ្យ​កា​ជីន​(KIA)​។​មនុស្ស​ប្រមាណ​៥០​នាក់​ត្រូវបាន​សម្លាប់ រួមមាន​សមាជិក​KIA​និង​ជន​ស៊ីវិល​។​មនុស្ស​ប្រហែល​៧០​នាក់​ទៀត​រងរបួស​»​។​

​ក្នុងពេល​ជាមួយគ្នា​ការិយាល័យ​អង្គការ​សហប្រជាជាតិ​នៅ​មី​យ៉ាន់​ម៉ា បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ខ្លួន​មាន​ការព្រួយបារម្ភ​និង​មានទុក្ខ​ក្រៀមក្រំ​ជាខ្លាំង​»​ក្រោយ​ឮដំណឹង​ថា​មាន​ការ​វាយ​​ប្រហារ​តាម​អាកាស​សម្លាប់​មនុស្ស​រាប់​សិប​នាក់​។​អ្វី​ដែល​ទំនងជា​ការប្រើ​កងកម្លាំងប្រដាប់អាវុធ​ហួសហេតុ​និង​មិន​សម​មាត្រ​លើ​ជន​ស៊ីវិល​គ្មាន​អាវុធ​ជា​ការ​មិន​អាច​ទទួលយក​បាន ហើយ​អ្នកប្រព្រឹត្ត​ត្រូវតែ​​នាំ​មក​ទទួលខុសត្រូវ​»​។​

​សូមបញ្ជាក់​ថា មី​យ៉ាន់​ម៉ា ត្រូវបាន​ញាំញី​រំខាន​ដោយ​ឧទ្ទាម​កម្ម​អស់​ពេល​រាប់​ទសវត្សរ៍​មក​ហើយ​ពី​ក្រុម​ជនជាតិ​ជាច្រើន​ដែល​ទាមទារ​ស្វ័យភាព​ធំ​ឡើង តែ​ការតស៊ូ​ប្រឆាំង​អាជ្ញាធរ​កាន់តែ​រីក​ធំ​នៅ​ទូទាំង​​ប្រទេស​ជាមួយនឹង​ការបង្កើត​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ប្រដាប់អាវុធ​មួយ ដើម្បី​ប្រឆាំង​នឹង​ការគ្រប់គ្រង​អំណាច​របស់​ក្រុម​យោធា​។​

​តាមពិត​ក្រុម KIA នេះ​បាន​ប៉ះទង្គិច​ជាមួយ​យោធា​មី​យ៉ាន់​ម៉ា​រាប់​ទសវត្សរ៍​មក​ហើយ តែការប្រយុទ្ធ​គ្នា​ធំ​កើត​ឡើង​ក្រោយ​យោធា​ធ្វើ​រដ្ឋប្រហារ​កាលពី​ឆ្នាំមុន​៕

​មនុស្ស​៥០​ទៅ​៦០​នាក់​បាន​ស្លាប់​ដោយ​ការទម្លាក់​គ្រាប់បែក​របស់​យោធា​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃអាទិត្យ​លើ​ពិធី​អបអរ​ខួប​បង្កើត​អង្គការ​នយោបាយ​ក្រុម​ជនជាតិ​កា​ជីន​។​មនុស្ស​ប្រមាណ​៤០០​នាក់​បាន​ស្ថិត​​ក្នុង​ពិធី រួម​មាន​អ្នកចំរៀង​និង​តន្ត្រីករ​ពេល​ការវាយប្រហារ​កើតឡើង​