ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ វគ្គ​បណ្តុះបណ្តាល អាជ្ញាកណ្ដាល គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស​កីឡា​ជឺ​ជី​តស៊ូ​កម្រិត​មូល​ដា្ឋ​ន​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២១​មក​នោះ បានបញ្ចប់​ជា​ស្ថាពរ​ហើយ​នា​ថ្ងៃទី​២៤ តុលា​ម្សិលមិញ​។​

​វគ្គ​នេះ​គឺជា​ការអភិវឌ្ឍ​ធនធានមនុស្ស​ឆ្ពោះទៅ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ លោក​បណ្ឌិត​សេង ប៊ុន​សុង​ប្រធាន​សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា បាន​លើកទឹកចិត្ត​សិក្ខាកាម​​ទាំងអស់​ត្រូវ​បន្ត​ការខិតខំ​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែមទៀត​ដើម្បី​ត្រៀម​ចូលរួម​ដឹកនាំ​ការប្រកួត ក្នុងពេល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ក្រោយពេល​កម្ពុជា​បាន​រង់ចាំ​អស់​រយៈ​
​ពេល​៦៤​ឆ្នាំ​។​

​លោក​ជឿជាក់ថា​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា​នឹង​ចាប់ដៃគ្នា​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព​ដើម្បី​ដណ្តើម​សមិទ្ធផល​ជូន​ជាតិ​មាតុភូមិ​ក្នុង​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ឲ្យ​ទទួលបាន​ជោគជ័យ​។​

​ប្រធាន​សហព័ន្ធ​រូបនេះ​បាន​ជំរុញ​ឲ្យ​សិក្ខាកាម​ទាំងអស់​គោរព​នូវ​វិន័យ​ក្នុង​សកម្មភាព​របស់ខ្លួន គឺ​ក្នុងនាម​ជា​អ្នកដឹកនាំ​ត្រូវធ្វើ​ឲ្យ​បានល្អ​ប្រសើរ ដើម្បី​ជា​គំរូ​ល្អ​ដល់​អ្នក​ក្រោម​ឱវាទ​។ ពេលនេះ មន្ត្រី​អាជ្ញាកណ្តាល​គ្រូបង្វឹក​មន្ត្រី​បច្ចេកទេស​ទាំងអស់​គឺ​អ្នកដឹកនាំ ហើយ​ក្នុងនាម​ជា​អ្នក​កាត់សេចក្តី​ក្នុងពេល​ប្រកួត​ត្រូវ​ពង្រឹងស្មារតី​កាត់សេចក្តី​ឲ្យ​មាន​ភាព​សុក្រឹត​យុត្តិធម៌​ឲ្យ​ស្របតាម​ស្មារតី​កីឡា​។​

​លោក សៀន សុភ​ក្ត្រ អគ្គលេខាធិការ សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា​បាន​លើកឡើងថា ជឺ​ជី​តស៊ូ គឺជា​ប្រភេទ​កីឡា​ដែលមាន​សក្តានុពល​ខ្ពស់ ក្នុងការ​ដណ្ដើម​មេដាយ​កម្រិត​អន្តរជាតិ ជាពិសេស​សហព័ន្ធ​មាន​កញ្ញា ខាន់ ជេ​សា ដែលជា​កីឡាការិនី​ឆ្នើម​ធ្លាប់​ដណ្ដើមបាន​មេដាយ​​ជាច្រើន​ជូន​ជាតិ​។ ចំពោះ​ការអភិវឌ្ឍ​បច្ចេកទេស និង​ធនធានមនុស្ស នាពេលនេះ គឺ​ដើម្បី​សម្រួច​គោលដៅ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

ក្នុង​ដំណើរ​ឆ្ពោះទៅ​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា បាន​បើក​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្ដាល​គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស​កីឡា​​កម្រិត​មូលដ្ឋាន​ជា​លើកដំបូង​នេះ ដោយ​ប្រើប្រាស់​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែលមាន​សិក្ខាកាម​ចូលរួម​ចំនួន​៤៩​នាក់ ក្រោម​ការចែករំលែក​ចំណេះដឹង បទពិសោធ​ពី​គ្រូឧទ្ទេស​ចំនួន​ប្រាំ​នាក់ (​ជនជាតិខ្មែរ​ពីរ​នាក់ ថៃ​ម្នាក់ ហូ​ឡង់​ម្នាក់ និង​អាមេរិក​ម្នាក់ ដោយ​ផ្តោត​សំខាន់​លើ​ប្រាំ​មុខ ដូចជា​អាជ្ញាកណ្តាល Ne-Waza, គ្រូបង្វឹក Coach Fighting System, អាជ្ញាកណ្តាល Duo Show, គ្រូបង្វឹក Coach Duo Show, មេរៀន Sport Data​។​

​ដើម្បី​បន្ត​នូវ​ការអភិវឌ្ឍ​វិស័យ​កីឡា​ជំនាញ​របស់ខ្លួន​ឲ្យ​កាន់តែ​រឹងមាំ​ក្នុង​គុណភាព​បច្ចេកទេស​បន្ថែម​លោក​អគ្គលេខាធិការ​បាន​បញ្ជាក់ថា​សហព័ន្ធ​គ្រោង​នឹង​បញ្ជូន​ប្រតិភូ​កីឡា​ជឺ​ជី​តស៊ូ​ទៅ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ជី​ជី​តស៊ូ ជើងឯក​ពិភពលោក (Ju-Jitsu World Championship 2022) ពីថ្ងៃ​ទី​២៧ ខែតុលា ដល់ ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ទីក្រុង​អា​ប៊ុ​យ​ដា​ប៊ី ប្រទេស​អារ៉ាប់​រួម​៕​