ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានអះអាងថា ព្រះវិហារបុរាណវត្តសំរោងក្នុង ខេត្តបាត់ដំបង ដែលមានអាយុកាលប្រហែល ១៣២ឆ្នាំ ត្រូវបានជួសជុលឲ្យមានភាពរឹងមាំ និងមានសោភណ្ឌភាពដូចដើមឡើងវិញ។

ប្រភពដដែលបានបន្តថា ព្រះវិហារនេះ មានទំហំទទឹង ១៥ម៉ែត្រ បណ្តោយ ២១ម៉ែត្រ និងកម្ពស់ ១៣,៥ម៉ែត្រ។ សសរផ្នែកខាងក្នុង និងគ្រឿងបង្គុំដំបូលធ្វើពីឈើ ជញ្ជាំងធ្វើឥដ្ឋបូកបាយអរ។ នៅឆ្នាំ១៩៧៥-១៩៧៩ ខ្មែរក្រហមបានយកព្រះវិហារនេះ ធ្វើជាគុកសម្រាប់ដាក់អ្នកទោស ដែលអ្នកទោសភាគច្រើនជាស្រ្តី។

ការងារជួសជុលព្រះវិហារ ត្រូវបានអនុវត្តឡើងដោយមន្រ្តីជំនាញនាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ អគ្គនាយកបេតិកភណ្ឌ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបាត់ដំបង ដែលបានធ្វើការជួសជុលពង្រឹងនូវគ្រឿងបង្គុំព្រះវិហារដែលមានស្ថានភាពទ្រុឌទ្រោម ពុកផុយ ខូចខាតឲ្យមានស្ថានភាពល្អឡើងវិញដោយប្រើប្រាស់សម្ភារៈដូចដើម ដើម្បីរក្សាបាននូវតម្លៃជាប្រវត្តិសាស្រ្តរបស់ព្រះវិហារ។ ការងារនេះត្រូវបានអនុវត្តឡើងចាប់ពីដើមខែឧសភា ឆ្នាំ២០២២ និងបានបញ្ចប់ទាំងស្រុងនៅខែតុលា ឆ្នាំ២០២២នេះ៕