​ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​: នៅ​រសៀល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២២ នៅក្នុង​ទីបញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ឆ្នាំង​បានធ្វើ​ការផ្ទេរ និង​ទទួល​អំណោយ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​ប្រគល់ជូន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង ។​

​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុ សុភា បានឱ្យដឹងថា​អំណោយ​ដែល​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យុទ្ធ​ពល​ខេមរៈភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​នាំយកមក​ប្រគល់ជូន តាមរយៈ​លោក​អនុសេនីយ៍ត្រី ស៊ា​ម ឧសភា ក្រុម​ជំនួយការ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​។​

​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង បានបញ្ជាក់​ឱ្យដឹងទៀតថា​អំណោយ​ដែល​បាន​នាំយកមក​ប្រគល់ជូន​នៅថ្ងៃនេះ​រួមមាន អង្ក​១០០​តោន មី​២០០​កេះ ត្រីខ​២០​កេះ ទឹកស៊ីអ៊ីវ​ចំនួន​២០០​យួរ ទឹកត្រី​ចំនួន​២០០​យួរ ស៊ីម៉ង់ ១០​តោន ស័ង្កសី​២០០០​សន្លឹក គ្រឿង​សម្ភារៈ​ហូបចុក និង​គ្រឿង​បរិក្ខារ​ផ្សេងៗ​ទៀត​។ អំណោយ​ទាំងនេះ​គឺ​សម្រាប់​ជួយសង្គ្រោះ​បន្ទាន់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក និង​ងាយ​រងគ្រោះ​នៅ​គ្រោះមហន្តរាយ​ផ្សេងៗ​ដែល​បានកើត​ឡើងជា​យថាហេតុ​ដ៏​ពួកគាត់ ។​

​ក្នុងនាម​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុ សុភា បាន​ថ្លែងអំណរគុណ​យ៉ាង​ជឿ​ជ្រៅ​ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ដែល​តែងតែ​យកចិត្តទុកដាក់​ជូន​ចំពោះ​កងទ័ព និង​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​នឹង​ងាយ​រងគ្រោះ​ក្នុង​គ្រោះមហន្តរាយ​ផ្សេងៗ និង​បាន​ទាន់ពេលវេលា មិន​ប្រកាន់​និន្នាការ​នយោបាយ​ជាតិ​ដាស​ន៍​ណា​នោះឡើយ​៕​