ដោយៈ ប​.​ខុន​/​ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃទី​២៥ ខែតុលា បាន​ជូនដំណឹង​ស្តីពី​ការ​ព្យាករ​ធាតុអាកាស សម្រាប់​ពីថ្ងៃ​ទី​២៦ ខែតុលា ដល់​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២២ថា​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ភាគ​ខាងជើង (​ប្រទេស​ចិន​) បាន​លាតសន្ធឹង​ចុះមក​ក្រោម​លើ​ប្រទេស​កម្ពុជា​ប្រសព្វ​ជាមួយនឹង​សម្ពាធ​ទាប​រុញ​ពី​សមុទ្រ​ចិន​ខាងត្បូង​។ ទន្ទឹម​នោះ​ខ្យល់​បាន​ប្តូរ​ទិស​ជា​បណ្តើរៗ តែ​បណ្តា​ខេត្ត និង​រាជធានី នៅ​ផ្នែក​ខាងក្រោម​អាច​នៅមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ក្នុងនោះ​ផ្នែក​ខ្លះ​អាចមាន​ភ្លៀង​ធ្លាក់​បង្គួរ​ដោយ​អន្លើរ លាយ ឡំ​ទៅដោយ​ផ្គរ រន្ទះ ។​

នៅក្នុង​សេចក្តីជូនដំណឹង​បានឱ្យដឹង​ទៀតថា​លក្ខណៈ​បែបនេះ​ធ្វើឱ្យ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២​ទៅ​២៤​អ​អ្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី​២៩​ទៅ​៣១​អ​អ្សា​សេ ។ សម្រាប់​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នៅ​ផ្នែក​ខាងក្រោម (​ត្បូង​) អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ក្នុងនោះ​ផ្នែក​ខ្លះ​អាចមាន​ភ្លៀង​ធ្លាក់​បង្គួរ ដោយ​អន្លើរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ ។​

​សម្រាប់​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២១​ទៅ​២៣​អ​អ្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​២៩​ទៅ​៣១​អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ ។​

​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២​ទៅ​២៤​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​២៩​ទៅ​៣១​អ​អ្សា​សេ និង អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ ៕​