​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ដោយ​រង​ការជំទាស់​ពី​បណ្តា​ប្រទេស​លោកខាងលិច រុស្ស៊ី​បាន​បង្កើន​ការអះអាង​របស់​ខ្លួន​ថា រដ្ឋាភិបាល​ក្រុង​គៀវ​កំពុង​ត្រៀម​ប្រើប្រាស់ “​គ្រាប់បែក​កខ្វក់​” នៅក្នុង​ប្រទេស​អ៊ុ​យក្រែន ហើយ​បាន​និយាយថា ខ្លួន​នឹង​នាំ​យក​បញ្ហា​នេះ​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​អង្គារ​ទី​២៥​តុលា​។​

​រុស្ស៊ី​បាន​ផ្ញើលិខិត​មួយ​ច្បាប់​ស្តី​ពី​ការអះអាង​របស់​ខ្លួន​អំពី​ការចោទប្រកាន់​ខាងលើ​ទៅកាន់​អ​.​ស​.​ប​កាលពី​យប់​ថ្ងៃ​ចន្ទ ហើយ​ក្រុម​អ្នកការទូត​បាន​និយាយថា​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​គ្រោង​នឹង​លើក​​បញ្ហា​នេះ​ជាមួយ​ក្រុមប្រឹក្សា​សន្តិសុខ​នៅក្នុង​កិច្ចប្រជុំ​បិទទ្វារ​នៅ​ថ្ងៃ​បន្ទាប់​។​

​លោក វ៉ាស​ស៊ី​លី ណេ​បិ​ន​ហ្សា (Vassily Nebenzia)​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អ​.​ស​.​ប​បាន​សរសេរ​លិខិត​មួយ​ផ្ញើ​ទៅកាន់​អគ្គលេខាធិការ​អ​.​ស​.​បលោក អង់​តូ​នីញ៉ូ គូថេ​រ៉េស និង ក្រុមប្រឹក្សាសន្តិសុខ ថា “​យើង​នឹង​ចាត់ទុក​ការប្រើប្រាស់​គ្រាប់បែក​កខ្វក់​ដោយ​រប​ប​ក្រុង​គៀវ​ជា​សកម្មភាព​នៃ​អំពើ​ភេរវកម្ម​នុយក្លេអ៊ែរ​”​។​

​រុស្ស៊ី​អះអាងថា​អ៊ុយ​ក្រែន​កំពុង​ត្រៀម​ដល់​ដំណាក់​កាល​ចុងក្រោយ​នៃ​ការបង្កើត​គ្រាប់បែក​កខ្វក់ នៅពេល​ឧត្តមសេនីយ៍​កំពូល​អ៊ុយ​ក្រែន​សម្តែង​ការបារម្ភ​ថា រុស្ស៊ី​មាន​ផែនការ​វាយប្រហារ​នុយគ្លេអ៊ែ​រ​

​ក្នុងពេល​ដែល​កងកម្លាំង​អ៊ុយ​ក្រែន​រុល​ឆ្ពោះទៅ​កាន់​ខេត្ត​ឃើ​សុន (Kherson)​ដែល​កាន់កាប់​ដោយ​រុស្ស៊ី​ក្រុម​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី​បាន​ទូរស័ព្ទ​ទៅកាន់​សម​ភាគី​លោកខាងលិច​របស់​ពួក​គេ​កាលពី​ថ្ងៃ​​អាទិត្យ​និង​ថ្ងៃ​ចន្ទ ដើម្បី​បង្ហាញ​ការសង្ស័យ​របស់​ពួកគេ​។​

​រដ្ឋមន្ត្រីការបរទេស​បារាំង អង់គ្លេស និង​អាម៉េរិក​បាន​ច្រាន​ចោល​ការចោទប្រកាន់រ​បស់​មូ​ស្គូថា “​មិន​ពិត គ្មាន​តម្លាភាព​” ហើយ​បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការគាំទ្រ​របស់​ពួកគេ​ចំពោះ​អ៊ុ​យក្រែន​។​

​ពួកគេ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ថា “​ពិភពលោក​មើលឃើញ​រាល់​ការប៉ុនប៉ង​ដើម្បី​ប្រើ​ការចោទប្រកាន់​នេះ​ធ្វើ​ជា​លេស​សម្រាប់​ការបង្កើន​សង្គ្រាម​”​។​

​ក្រោយមក សហរដ្ឋ​អាម៉េរិក​បានចេញ​ការព្រមាន​ដល់​មូ​ស្គូ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក លោក ណេ​ត ប្រា​យ (Ned Price) បាន​និយាយថា “​យើង​បានដឹង​ច្បាស់​ជា​មួយ​រុស្ស៊ី​…​អំពី​ផលវិបាក​ធ្ងន់ធ្ងរ​ដែល​នឹង​កើត​ឡើង​ពី​ការប្រើប្រាស់​នុយក្លេអ៊ែរ​។ វា​នឹង​មាន​ផលវិបាក​សម្រាប់​រុស្ស៊ី មិន​ថា​ពួក​គេ​ប្រើ​គ្រាប់បែក​កខ្វក់​ឬ​គ្រាប់បែកនុយក្លេអ៊ែរ​នោះទេ​”​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា គោលបំណង​នៃ​ការវាយប្រហារ “​គ្រាប់បែក​កខ្វក់​” របស់​អ៊ុ​យក្រែន គឺ​ដើម្បី​ស្តីបន្ទោស​រុស្ស៊ី​ចំពោះ​ការបំពុល​វិទ្យុ​សកម្ម​។​ក្រសួង​បាន​ចាប់ផ្តើម​រៀបចំ​សម្រាប់​​សេណា​រី​យ៉ូ​បែបនេះ ដោយ​បាន​ត្រៀមកម្លាំង​និង​ធនធាន “​ដើម្បី​អនុវត្ត​ការងារ​ក្នុង​លក្ខខណ្ឌ​នៃ​ការបំពុល​វិទ្យុសកម្ម​”​។​

​ក្រុម​ឃ្លាំ​មើល​នុយក្លេអ៊ែរ​របស់​អ​.​ស​.​ប​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ខ្លួន​កំពុង​រៀបចំ​បញ្ជូន​អ្នកត្រួតពិនិត្យ​នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ទៅកាន់​ទីតាំង​អ៊ុយ​ក្រែន​ចំនួន​ពីរតាម​សំណើ​របស់​រដ្ឋាភិបាល​​ក្រុង​គៀវ ទំនង​ជា​ការបញ្ចេញ​ប្រតិកម្ម​ជាក់ស្តែង​ចំពោះ​ការអះអាង​អំពី “​គ្រាប់បែក​កខ្វក់​” របស់​រុស្ស៊ី​។ ក្រុម​នេះ​បាន​និយាយថា ទីតាំង​ទាំងពីរ​បាន​ក្លាយជា​ប្រធានបទ​ត្រូវ​ត្រួតពិនិត្យ​រួចទៅហើយ ហើយ​ទីតាំង​មួយ​កន្លែង​ត្រូវបាន​ត្រួតពិនិត្យ​រួច​កាលពី​មួយខែ​មុន​៕

​ទាហាន​អ៊ុយ​ក្រែន​កំពុង​បាញ់ផ្លោង​លើ​ទីតាំង​របស់​រុស្ស៊ី​នៅ​តំបន់​ដូណិត​ស​ខ៍​