​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អតីត​សិស្ស​ប្រដាប់អាវុធ​ម្នាក់​បាន​សម្រុកចូល​ទៅក្នុង​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​សេន​ល្វីស (St Louis)​សហរដ្ឋ​អាម៉េរិក​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៤​តុលា ដោយ​ព្រ​​មាន​ថា “​អ្នក​ទាំងអស់​គ្នា​នឹង​ស្លាប់​!” មុន​ពេល​បាញ់សម្លាប់​គ្រូបង្រៀន​ម្នាក់​និង​ក្មេងស្រី​ជំទង់​ម្នាក់ និង​បង្ក​របួស​ប្រាំមួយ​នាក់​ផ្សេង​ទៀត មុនពេល​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​រូប​គេ​ក្នុង​ការបាញ់​តដៃ​គ្នា​។​

​ការវាយប្រហារ​បន្ទាប់​ពី​ម៉ោង ៩ ព្រឹក​នៅ​វិទ្យាល័យ​សិល្បៈ​ទស្សនីយភាព​និង​សម្តែង បាន​បង្ខំ​សិស្ស​ឱ្យ​បង្ខាំង​ទ្វារ និង សម្ងំ​ពួន​នៅ​ជ្រុង​ថ្នាក់រៀន​ដោយ​អ្នកខ្លះ​លោត​ចេញពី​បង្អួច​ហើយ​រត់​ចេញ​ពី​អគារ​​ដើម្បី​ស្វែងរក​សុវត្ថិភាព​។​

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ មេ​ប៉ូលិស​លោក ម៉ៃ​ឃើ​ល សេក (Michael Sack) បាន​និយាយថា សកម្មភាព​រហ័ស​របស់​សន្តិសុខ​ម្នាក់ រួម​ជាមួយនឹង​មន្ត្រី​ប៉ូលិស​ដែល “​រត់​ទៅ​បាញ់​កាំភ្លើង​” បាន​ជួយ​បញ្ចប់​ការបាញ់ប្រហារ មុន​ពេល​មនុស្ស​កាន់តែ​ច្រើន​ទៀត​ត្រូវ​ស្លាប់​ឬ​របួស​។​

​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ប៉ូលិស​បាន​កំណត់​អត្តសញ្ញាណ​អ្នក​បាញ់ប្រហារ​ឈ្មោះថា អ័​រលែ​នដូ ហារី​ស (Orlando Harris) ដែល​បាន​បញ្ចប់​ការសិក្សា​ពី​សាលា​នេះ​កាលពី​ឆ្នាំមុន​។ ប៉ូលិស​បាន​និយាយថា ពួកគេ​រក​មិនឃើញ​ចេតនា​នៃ​ការបាញ់ប្រហារ​នេះ​ទេ​។ មុននេះ ពួកគេ​បាន​និយាយថា គេ​មិន​ច្បាស់​ថា​តើ​មាន​នរណា​ក្លាយ​ជា​គោលដៅ​នៃ​ការវាយប្រហារ​នោះទេ​។​

​លោក​សេក​បាន​និយាយថា យុវជន​អាយុ ១៩ ឆ្នាំ​រូប​នេះ​មិន​មាន​ប្រវត្តិ​ឧក្រិដ្ឋកម្ម​ពីមុន​ទេ​៕

​មនុស្ស​នាំគ្នា​ចោមរោម​មើល​ពី​មុខ​វិទ្យាល័យ​សិល្បៈ​ទស្សនីយភាព​និង​សម្តែង​ក្នុង​ទីក្រុង​សេន​ល្វីស​