​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អតីត​ប្រមុខ​កងកម្លាំងប្រដាប់អាវុធ​របស់​ចក្រភព​អង់គ្លេស​បាន​និយាយថា រុស្ស៊ី​កំពុង​មើលឃើញ​បរាជ័យ​ដែល​មិន​អាច​ចៀស​មិន​រួច​នៅក្នុង​ទីក្រុង​ឃើ​សុន (Kherson)​។​

​ឧត្តមសេនីយ៍ ឡ​ត ដាន​ណាត (Lord Dannatt) អតីត​អគ្គសេនាធិការ​ទូទៅ បាន​និយាយថា កងកម្លាំង​របស់​លោក​ពូ​ទីន​កំពុង​ស្ថិតក្នុង​ស្ថានភាព “​អាច​ដកថយ​ចេញ​តាម​សម្រួល​”​ពី​ទីក្រុង​​នៅ​ភាគខាងត្បូង​អ៊ុយ​ក្រែន​មួយនេះ ដើម្បី​បញ្ចៀស​នូវ​ភាពវឹកវរ​ដូចដែល​ពួកគេ​បាន​ទទួលរង​កាលពី​ខែ​មុន​នៅ​តំបន់​ខា​គី​វ​។​

​ទន្ទឹមនឹងនេះ​ដែរ ឥស្សរជន​របស់​រុស្ស៊ី​កំពុង​ព្យាយាម​ចរចា​បញ្ចប់​សង្គ្រាម​ជាមួយ​លោកខាងលិច ដោយសារតែ​ពួកគេ​ដឹងថា ពួកគេ​បាន​ចាញ់​សង្គ្រាម​នេះ​បើ​យោង​តាម​ប្រធាន​សាខា​ស៊ើបការណ៍​​សម្ងាត់​យោធា​អ៊ុ​យក្រែន លោក គី​រី​ឡូ ប៊ូ​ដា​នូវ (Kyrylo Budanov)​។​

​លោក​ប៊ូ​ដា​នូវបាន​បន្ថែមថា អ្នក​នៅ​ខាងក្នុង​វិមាន​ក្រឹម​ឡាំង​ក៏​កំពុង​រៀបចំ​ផែនការ​ដណ្តើម​អំណាច​ពី​លោកពូ​ទីន​ផងដែរ ដោយ​លោក នី​កូឡាយ ផា​ទ្រូ​សេ​វ (Nikolai Patrushev)​ដែលជា​​លេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ និង​លោក សឺ​ហ្គេ គី​រី​យេន​កូ (Sergey Kiriyenko) ដែល​ជា​មេ​ដាក់ចេញ​គោលនយោបាយ​ក្នុងស្រុក​របស់​វ្ល៉ា​ឌី​មៀ ពូ​ទីន ស្ថិតក្នុង​ចំណោម​បេក្ខជន​ឈានមុខ​។​

​លោក ឡ​ដ ដាន​ណាត បាន​និយាយ​ទៅកាន់​ទូរទស្សន៍ Sky News កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៤​តុលា​ថា រុស្ស៊ី​នៅតែ “​ចាញ់​ប្រៀប​” នៅលើ​សមរភូមិ​ក្នុងប្រទេស​អ៊ុយ​ក្រែ​នហើយ​កំពុងផ្តោត​គោល​ដៅ​​លើ​ហេដ្ឋារចនាសម្ពន្ធ​។​

​ស្ថានការណ៍​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​ជាពិសេស​នៅ​ទីក្រុង​ឃើ​សុន (Kherson) ភាគខាងត្បូង ដែល​អ៊ុយ​ក្រែន​បាន​វាយប្រហារ តាំងពី​ដើម​ខែ​សីហា​មក​។ លោក សឺ​ហ្គេ ស៊ូ​រ៉ូវី​គីន (Sergei Surovikin) មេបញ្ជាការ​រួម​ថ្មី​របស់​លោក​ពូ​ទីន​នៅក្នុង​ប្រទេស​អ៊ុ​យក្រែន បាន​បង្ហើប​តម្រុយ​អំពី​ការដកថយ​នៅក្នុង​ការបង្ហាញ​ខ្លួន​តា​ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នា​ពេល​ថ្មីៗ​នេះ​។​

​លោក​ដាន​ណាត​បាន​និយាយថា “​រុស្ស៊ី​ពិតជា​កំពុង​គិត​អំពី​ការព្យាយាម​បង្វែរ​អ្វីដែល​ប្រហែល​ជា​បរាជ័យ​ដែល​ចៀស​មិន​រួច​នៅ​ទីនោះ​ទៅ​ជា​ការដកថយ​តាម​ដំណើរ ដើម្បី​ធ្វើ​ឱ្យ​មើល​ទៅ​មិនសូវ​វឹកវរ​”​។​

​លោក​ប៊ូ​ដា​នូវបាន​គូររូប​ភាពខុស​គ្នា​បន្តិច​នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត Ukrainska Pravda ដោយ​និយាយថា រុស្សី​គ្រាន់តែ​ដក​ជន​ស៊ីវិល​និង​ហេដ្ឋារចនាសម្ពន្ធ​ពាក់​ព័ន្ធ​ចេញ​ប៉ុណ្ណោះ ដូចជា​ម៉ាស៊ីន​ដក​លុយ​ធនាគារ និង ហាង​ដូរ​លុយ​ជា​ដើម​។​

​លោក​បាន​បន្ថែមថា មេ​បញ្ជាការ​របស់​ពូ​ទីន​ពិតជា​កំពុង​ចល័ត​កងទ័ព​ចូល​ទៅក្នុង​ទីក្រុង​និង​រៀបចំ​ខែល​ការពារ ហើយ​ពួកគេ​គ្រោង​នឹង​ព្យាយាម​រក្សា​ការគ្រប់គ្រង​៕

​លោក​ប៊ូ​ដា​នូវ​និយាយថា អ្នក​នៅ​ខាងក្នុង​វិមាន​ក្រឹម​ឡាំង​កំពុង​រៀបចំ​ផែនការ​ដណ្តើម​អំណាច​ពី​លោកពូ​ទីន​