ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ វត្តរាជនិវេសនារាម ព្រះពន្លា ដែលជាវត្តចំណាស់មួយ ក្នុងចំណោម ប្រាំវត្ត នៅតាមដងស្ទឹង និងជាម្ចាស់ទូក ង ល្បីល្បាញ ពីអតីតកាល បានរៀបចំប្រណាំងទូក ង ដើម្បីអបអរសាទរពិធី បុណ្យកឋិនទានសាមគ្គី កាលពីល្ងាច ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២២ នៅតាមដងស្ទឹងសិរីសោភ័ណ នាមុខវត្ត ស្ថិតនៅភូមិ-សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីប្រណាំងទូក ង និងអង្គកឋិនទានសាមគ្គីនេះ មានការអញ្ជើញ និងនិមន្តចូលរួមពីលោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ព ព្រះធម្មធរ អនុគណក្រុងសិរីសោភ័ណ. ព្រះតេជគុណ មឿន សាមឿត ព្រះចៅអធិការវត្តព្រះពន្លា ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ប្រជាពុទ្ធបរិស័ទ មហាជន អ្នកចូលរួមទស្សនា ជាច្រើនកុះករ។

យោងគណៈកម្មការរៀបចំការប្រណាំងទូក បាននិយាយថាៈ ទូក ង ដែលចូលរួមប្រណាំងនេះ មានចំនួន ៩ទូក មានចំណុះទូក ២៤ នាក់ ។ វាជាការប្រណាំងវិលជុំ ។ ក្នុងនោះ ជាលទ្ធផល ជាប់ចំណាត់ថ្នាក់លេខ១ បានទៅលើទូកមានឈ្មោះ អធិរាជសីហ៍ ០៧ ។ លេខ២ បានទៅលើទូក ឈ្មោះ សាមគ្គីមានជ័យ បារមីសារាយអណ្តែត និងលេខ៣ បានទៅលើទូក ឈ្មោះ រតនៈមានជ័យ បារមី១៤៦ អង្គាបុស្ប០៤។

ទូកជ័លាភីឈ្នះលេខ ១.,២.,៣ នេះ ត្រូវនាំយកទៅប្រកួត ក្នុងព្រះរាជពិធីអុំទូកថ្នាក់ខេត្ត នៅថ្ងៃទី ៤.-៥ ខែវិច្ឆិកា ខាងមុខ នៅវេទិកាអុំទូកខេត្ត ខាងក្រោយវិទ្យាល័យជាតិមានជ័យ នាភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។ ក្នុងនោះ ក៏មានទូកកិត្តិយសចំនួន ៤ ទូក ចូលរួមអុំផងដែរ។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានប្រាប់ឲ្យដឹងថាៈ បើទោះបីមានការ ប្រណាំង ង ចំនួន ៩ ទូក អស់រយ:ពេលតែ ១ល្ងាចយ៉ាងនេះក្តី ក៏កីឡាករអុំទូកម្នាក់ៗ ខិតខំបញ្ចេញទាំងកម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវ អស់ពីសមត្ថភាព ដើម្បីដណ្តើម បានជ័យលាភី ចាប់ពីថ្នាក់លេខ១ លេខ២ និងលេខ៣ និងក៏ដើម្បីបង្កលក្ខណៈ និងចូលរួម ថែរក្សាប្រពៃណីជាតិ ជូនប្រជាពលរដ្ឋ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានចូលរួមសប្បាយរីករាយ កម្សាន្តតាមរដូវ និងដើម្បីថែរក្សាប្រពៃណី ក៏ដូចការរំលឹកនៃ វីរ:ភាពកងទ័ពជើងទឹកខ្មែរ និងរំលឹកគុណទឹកដែលទ្រទ្រង់ជីវិតមនុស្ស សត្វ រុក្ខជាតិផងដែរ។

ក្នុងឱកាសនោះ លោក ស្រេង សុផល បានកោតសរសើរ និងអរគុណដល់រដ្ឋបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ច អ្នកពាក់ព័ន្ធ ដែលបានរៀបចំពីធីបុណ្យអុំទូក ងឡើង ដើម្បីរំលឹក ដឹងគុណ និងបង្កលក្ខណ:សប្បាយរីករាយ ជូនពលរដ្ឋក្នុងមូលដ្ឋាននៃខេត្តផ្ទាល់ និងក៏ចូលរួម រីករាយអបអរនឹងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ដែលបាននឹងខិតខំថែរក្សា សុខសន្តិភាព ការអភិវឌ្ឍ ក៏ដូចជាកិត្តិនាមជាតិ ។

លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ និងកីឡាករទូកទាំងអស់ ត្រូវបន្តចេះពង្រឹងសាមគ្គីភាព ឯកភាព ថែរក្សាសន្តិភាព និងទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់គ្នា ។ ចំពោះបងប្អូន ប្រជាកសិករ ត្រូវចាប់ផ្តើមស្តារបង្កបង្កើនផល ពេលទឹកស្រកទៅវិញ ។ ឯអ្នកមិនប៉ះពាល់ស្រូវ សូមត្រៀមលក្ខណ:ប្រមូលផលឱ្យបានល្អ៕/V-PC