ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នៅចុងរដូវវស្សា នាខែតុលា ឆ្នាំ២០២២ នេះ នៅជប់វារី ស្រុកព្រះនេត្រព្រះ អាជ្ញាធរ បើកការដ្ឋានសាងសង់ផ្លូវបេតុង ជាបន្តបន្ទាប់ ។ ជាក់ស្ដែង នាថ្ងៃទី២៤​ ខែតុលា​ ឆ្នាំ២០២២​ លោក​ ឃូ​ ពៅ​អភិបាល​ស្រុក​ព្រះនេត្រព្រះ​ និងមន្ត្រី អ្នកទទួលសិទ្ធីម៉ៅការសាងសង់ ប្រជាពលរដ្ឋ បាន​ចុះបើកការដ្ឋាន​ស្ថាបនាផ្លូវ​ ចាក់បេតុង ចំនួន​១ខ្សែ​ ប្រវែង ៦២០ ម៉ែត្រ​ ស្ថិត​នៅ​ភូមិ​ចក្រី ឃុំ​ជប់វារី​ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្នុងភូមិចក្រី និងភ្នំជញ្ជាំង ជាទីប្រជុំជនស្រុកព្រះនេត្រព្រះ នេះ លោកអភិបាលស្រុក កន្លងមក បានបើកការដ្ឋានសាងសង់ផ្លូវបេតុង១.៤៥៧ ម៉ែត្រ ជូនប្រជាពលរដ្ឋផងដែរ ។

លោកអភិបាល ស្រុកព្រះនេត្រព្រះ បានឱ្យដឹងថាៈ ដំណើរការស្តារឡើងវិញ និងស្ថាបនាផ្លូវ ក្រាលដី ឬក្រួស ឬថ្មមិច និងបេតុងជាបន្តបន្ទាប់ នៅពេលរដូវវស្សាជិតបញ្ចប់ រដូវប្រាំង ជិត មកដល់ ប៉ុន្តែដោយសាររដូវវស្សា មានភ្លៀងធ្លាក់ទើបគម្រោងអភិវឌ្ឍន៍នានាបានពន្យារសិន។
លុះដល់ពេលនេះ ទើបអាជ្ញាធរមានសមត្ថកិច្ច បានដឹកនាំក្រុមការងារ និងក្រុមហ៊ុន បើកការដ្ឋានសាងសង់ផ្លូវ ពិសេសផ្លូវបេតុងជាបន្តបន្ទាប់ ក្នុងឃុំជប់វារី និងឃុំផ្សេងទៀត៕/V-PC