ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្រុមកីឡាវាយកូនបាល់ ជម្រើសជាតិកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ កាលពីល្ងាចថ្ងៃទី២៤ ខែតុលា បន្ទាប់ពីបញ្ចប់ការប្រកួត Davis Cup ប្រចាំតំបន់អាស៊ី/អូសេអានី កម្រិត៤ (Asia/Oceania Group IV) នៅទីក្រុង Isa Town ប្រទេសបារ៉ែន កាលពីថ្មីៗ ដោយបានជោគជ័យ ដើម្បីដណ្ដើមបានកៅអីកម្រិត ៣ វិញ នាឆ្នាំក្រោយ។

លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធ និងគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញ នូវមោទនភាពជាខ្លាំង ចំពោះភាពជោគជ័យរបស់ ក្រុមកីឡាវាយកូនបាល់កម្ពុជា ដែលទទួលបានជ័យលាភីលេខ១ ក្នុងព្រឹត្តិការណ៍វាយកូនបាល់ កម្រិតពិភពលោកឆ្នាំនេះ។ តាមរយៈផ្លែផ្កានេះ លោកជឿជាក់ថា ស៊ីហ្គេមឆ្នាំ២០២៣ កម្ពុជានឹងទទួលបានមេដាយ ណាមួយ ជូនជាតិទៀតផង។

ព្រឹត្តិការណ៍ Davis Cup ឆ្នាំនេះ ទោះបីការប្រកួតខ្លះ កម្ពុជា ឈ្នះដាច់ ៣ទល់០ ហើយប្រកួត ឈ្នះត្រឹម ២ទល់១ តែគ្រប់ការប្រកួតទាំងអស់ សុទ្ធតែតានតឹង និងលំបាកសម្រាប់កីឡាករ កម្ពុជា មិនថា វិញ្ញាសាឯកត្តជន ឬវាយគូឡើយ។

លោកបានអះអាងថាៈ ទោះបីយើងខ្លាំងកម្រិតណា ក៏យើងមិនអាចធ្វេសប្រហែល ហើយរឹត តែមិនអាចមើលស្រាល គូប្រកួតបានឡើយ។ ផ្ទុយទៅវិញ ពួកយើង ទាំងថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករទាំងអស់ បានខិតខំប្រឹងប្រែងខ្លាំង អស់ពីកម្លាំងកាយចិត្ត ទើបយើងអាចសម្រេច ផ្លែផ្កា ល្អប្រសើរបែបនេះ។

លោកអគ្គលេខាធិការរង បានបន្ថែមថាៈ ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ រយៈពេលជិតមួយសប្ដាហ៍កន្លងមក លោកពិតជាកោតសរសើរ ចំពោះកីឡាករ គ្រូបង្វឹក និងប្រតិភូដឹកនាំ ទាំងអស់ ដែលបានយកចិត្តទុកដាក់ សហការសាមគ្គីគ្នា បានល្អ តាំងពីការរៀបចំអាហារ ហូបចុក ដល់កីឡាករ ដើម្បីប្រកួតប្រជែងដណ្ដើមជ័យជម្នះ គ្រប់ការប្រកួត ក្នុង Davis Cup Group IV ឆ្នាំនេះ។

លោក ជា ពៅ បានបង្ហាញសុទិដ្ឋិនិយម យ៉ាងមុតមាំថាៈ ស៊ីហ្គេមឆ្នាំ២០២៣ លោកសង្ឃឹម ច្រើន ព្រោះយើងឃើញកម្រិតបច្ចេកទេសពួកគាត់ មានការកើនឡើង គួរឲ្យកត់សម្គាល់។ ចំពោះរូបខ្ញុំ ក្នុងនាមជាគ្រូបង្វឹក គឺតែងតែមានជំនឿចិត្ត លើកីឡាកររបស់យើង ឆ្នាំ២០២៣ នឹងទទួលបានមេដាយ ជូនជាតិមាតុភូមិ គ្រាន់តែមេដាយណាមួយ យើងមិនអាចកំណត់ បានទេ។

យ៉ាងណាក្ដី ជោគជ័យខាងលើ នៅមិនទាន់គ្រប់គ្រាន់ សម្រាប់កីឡាករវាយកូនបាល់កម្ពុជា នោះទេ ដោយសហព័ន្ធ មានផែនការបញ្ជូនកីឡាករស្នូល សម្រាប់ត្រៀមស៊ីហ្គេមទាំងអស់ ទៅហ្វឹកហាត់ និងប្រកួតនៅក្រៅប្រទេស ឲ្យបានច្រើនបន្ថែមទៀត មុនព្រឹត្តិការណ៍ ប្រវត្តិសាស្ដ្រ ឆ្នាំ២០២៣ មកដល់ ដើម្បីវាស់ស្ទង់ និងជំរុញកម្រិតបច្ចេកទេសពួកគេ ឲ្យកាន់តែប្រសើរឡើង បន្ថែមទៀត។

លោកក៏បានថ្លែងអំណរគុណ ដល់គណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) ដែលបានឧបត្ថម្ភគាំទ្រ ដល់ក្រុមកីឡាវាយកូនបាល់កម្ពុជា ចូលរួមការប្រកួត Davis Cup ឆ្នាំនេះ រួមទាំងក្រសួងអប់រំ យុវជន និងកីឡា ដែលតែងគាំទ្រ និងផ្ដល់ការឧបត្ថម្ភ ដល់កីឡាករជម្រើសជាតិ ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុនដៃគូ ទាំងអស់ ដែលបានសហការឧបត្ថម្ភ និងជំរុញឲ្យបេសកកម្មខាងលើ បញ្ចប់ដោយភាព ជោគជ័យ និងសញ្ញាណវិជ្ជមាន សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ទៀតផង៕/V-PC