ដោយៈ សុផល / ភ្នំពេញ​៖ បន្ទាប់ពីបានអាក់ខាន អស់រយៈពេល ២ ឆ្នាំ ក្រោយការចាប់ផ្តើម នៃជំងឺកូវីដ-១៩ ជាសាកលមក ទីភ្នាក់ងារភីសខ័រ (Peace Corps) នៅកម្ពុជា បានស្វាគមន៍ ការត្រឡប់មកវិញ នៃអ្នកស្ម័គ្រចិត្តទីភ្នាក់ងារ ភីសខ័រ ចំនួន ៣៥ នាក់ ជាជនជាតិអាមេរិក ដើម្បីបំពេញការងារ នៅទូទាំងប្រទេស​កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី២៥ ខែតុលា នេះ។

តាមរយៈគម្រោងបណ្តុះបណ្តាលគ្រូ និងបង្រៀនភាសាអង់គ្លេស របស់ទីភ្នាក់ងារនេះ អ្នកស្ម័គ្រចិត្តរបស់ Peace Corps នឹងបង្រៀនរួមគ្នា ជាមួយគ្រូបង្រៀនកម្ពុជា នៅតាមសាលាបឋមសិក្សា វិទ្យាល័យ និងស្ថាប័នដែលផ្តល់ការបង្រៀន ផ្សេងទៀត។

សេចក្តីប្រកាសព័ត៌មាន ដដែលនេះ បានឱ្យដឹងថាៈ លោកឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសកម្ពុជា W. Patrick Murphy បានមានប្រសាសន៍ថាៈ «យើងមានសេចក្តីរីករាយ ណាស់ ដែលអ្នកស្ម័គ្រចិត្ត នៃទីភ្នាក់ងារ Peace Corps ត្រឡប់មកប្រទេសកម្ពុជាវិញ។ បេសកកម្ម ជាសាកលរបស់ទីភ្នាក់ងារ Peace Corps គឺ សន្តិភាព ពិភពលោក និងមិត្តភាព ហើយអ្នកស្ម័គ្រចិត្តទាំងនោះ នឹងបំពេញបេសកកម្មនេះ តាមរយៈការងាររបស់គេ។ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ជាអតីតអ្នកស្ម័គ្រចិត្ត នៃទីភ្នាក់ងារ Peace Corps ខ្ញុំយល់ពីតម្លៃដែល អ្នកស្ម័គ្រចិត្តទាំងនេះ ក្នុងការពង្រឹងទំនាក់ទំនង រវាងប្រជាជន និងប្រជាជន នៃសហរដ្ឋ អាមេរិក និងកម្ពុជា និងក្នុងការរួមចំណែក ដល់ការអភិវឌ្ឍនៃព្រះរាជា​ណាចក្រកម្ពុជា»។

លោក Mikel Herrington ប្រធាននៃទីភ្នាក់ងារ ភីសខ័រ (Peace Corps) ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថាៈ «យើងមានក្តីរំភើប ក្នុងការមានចំណែក ជាប្រវត្តិសាស្រ្តមួយ នៃការវិលត្រឡប់មកកម្ពុជាវិញ នៃអ្នកស្ម័គ្រចិត្តរបស់យើង។ ចាប់តាំងពីខែមីនា ឆ្នាំ២០២០ បុគ្គលិកនៃទីភ្នាក់ងារ Peace Corps នៅទូទាំងពិភពលោក បានធ្វើកា​ដើម្បី​ពង្រឹងគ្រឹះនៃ ទីភ្នាក់ងារនេះ។ យើងមានការត្រៀមជាស្រេច ក្នុងការដំណើរការឡើងវិញ នូវសកម្មភាព ការងាររបស់អ្នកស្ម័គ្រចិត្តរបស់យើង ហើយធ្វើការងារ ក្នុងពេលជាប្រវត្តិសាស្រ្តនេះ ជាមួយដៃគូរបស់យើង តាមសហគមន៍នៅកម្ពុជា និងជាមួយបុគ្គលិក នៃស្ថានទូតរបស់ យើង»។

គម្រោងបណ្តុះបណ្តាលគ្រូ និងបង្រៀនភាសាអង់គ្លេសរបស់យើង ធ្វើការជិតស្និទ្ធជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញអាទិភាពផ្នែកអប់រំ របស់កម្ពុជា។ គម្រោងពង្រឹង ជំនាញក្នុងការគិត និងផ្នែកភាសាអង់គ្លេសរបស់សិស្ស និស្សិត គ្រូ និងសមាជិកសហគមន៍ នៅកម្ពុជា ដើម្បីឲ្យពួកគេ មានឱកាសទទួលបានឱកាស សម្រាប់ខ្លួនគេផ្ទាល់ ក្នុងអាជីព និងក្នុងការសិក្សា។ នៅឆ្នាំ២០១៩ នៅក្នុងពេលបន្តឡើងវិញ ចុងក្រោយ នៃគម្រោង ៤៨% នៃសហគ្រូបង្រៀន ខាងកម្ពុជា បានលើកកម្ពស់វិធីសាស្រ្ត ក្នុងការបង្រៀនភាសាអង់គ្លេស របស់គេ ហើយមានសិស្ស ចំនួន ៣.៣១៧ នាក់ រៀនចេះបានច្រើន តាមការវាយតម្លៃផ្លូវការ និងមិនផ្លូវការ។

ទីភ្នាក់ងារ Peace Corps បានស្វាគមន៍ក្រុមអ្នកស្ម័គ្រចិត្តទីមួយរបស់ខ្លួន នៅកម្ពុជាក្នុងឆ្នាំ ២០០៧ ។ តាំងពីពេលនោះមក អ្នកស្ម័គ្រចិត្តនៃទីភ្នាក់ងារ Peace Corps ចំនួន ៧១៤ នាក់ បានមកបំពេញការងារ នៅកម្ពុជា ដោយធ្វើការនៅតាមគម្រោងសិក្សាអប់រំផ្នែក ភាសាអង់គ្លេស។ កម្មវិធីអប់រំសុខភាព បានដំណើរការពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៨។

ព័ត៌មានស្តីពីទីភ្នាក់ងារ Peace Corps ៖ ទីភ្នាក់ងារ Peace Corps គឺជាបណ្តាញអន្តរជាតិ នៃអ្នកបំពេញការងារ សមាជិកសហគមន៍ ដៃគូ នៅតាមប្រទេសម្ចាស់ផ្ទះ និងបុគ្គលិក ដែលឆើ្លយតបនឹងបេសកកម្ម ដើម្បីសន្តិភាពពិភពលោក និងមិត្តភាព របស់ទីភ្នាក់ងារនេះ។
តាមការអញ្ជើញរបស់រដ្ឋាភិបាល នៅទូទាំងសាកលលោក អ្នកស្ម័គ្រចិត្តនៃទីភ្នាក់ងារ Peace Corps ធ្វើការជាមួយសមាជិកសហគមន៍ នៅតាមគម្រោងដែលសហគមន៍មូលដ្ឋាន កំណត់ជាអាទិភាព ក្នុងវិស័យអប់រំ សុខាភិបាល បរិស្ថាន កសិកម្មការអភិវឌ្ឍន ​សេដ្ឋកិច្ច សហគមន៍ និងការអភិវឌ្ឍន៍យុវជន។ តាមរយៈការបំពេញការងាររបស់គេ សមាជិកនៃ បណ្តាញរបស់ទីភ្នាក់ងារ Peace Corps ពង្រឹងជំនាញដែលគេអាចផ្ទេរទៅអ្នក​ដទៃបាន ហើយពង្រឹងបន្ថែមនូវជំនាញ ក្នុងវប្បធម៌ចម្រុះ ដែលនាំពួកគេឲ្យក្លាយជាអ្នកដឹកនាំ សាកលជំនាន់ក្រោយ។ ចាប់តាំងពីលោកប្រធានាធិបតី John F. Kennedy បានបង្កើត ទីភ្នាក់ងារ Peace Corps នៅក្នុងឆ្នាំ១៩៦១ មក មានជនជាតិអាមេរិកចំនួន ២៤០ ០០០ នាក់បានបំពេញការងារ នៅតាមប្រទេសចំនួន ១៤២ នាក់ នៅទូទាំង​សាកលលោក៕/V-PC