ដោយៈ មុនីរ័ត្ន / ភ្នំពេញៈមន្ត្រីចរាចរណ៍ នៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលប្រព្រឹត្តកំហុស ត្រូវបានដកឋានន្តរសក្តិមួយកម្រិត និងបញ្ឈរជើង ៣ខែ នៅការិយាល័យបុគ្គលិក ។ ការដាក់ពិន័យនេះ​ ទាក់ទងទៅនឹងមន្ត្រីនៅគោលដៅ ស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលបានប្រព្រឹត្តកំហុស កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ដោយបានហៅឃាត់រថយន្ត មកផាកពិន័យ ដោយអ្នកបើកបរ មិនមានកំហុស។

ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឱ្យដឹងថាៈ​ បន្ទាប់ពីបានឃើញវីដេអូ ផ្សព្វផ្សាយ តាមបណ្តាញសង្គមភ្លាម លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាល រាជធានីភ្នំពេញ បានបញ្ជាឲ្យស្នងការរង ទទួលផែនធនធានមនុស្ស ការិយាល័យបុគ្គលិក ផ្នែកវិន័យ កោះហៅមន្ត្រីគោលដៅទាំង បួនរូប មកសួរនាំ នៅការិយាល័យ។ ក្រោយធ្វើការសួរនាំរួច មន្ត្រីទាំង បួនរូប បានសារភាពកំហុស និងបានទទួលស្គាល់កំហុស ដែលបានប្រព្រឹត្ត ដោយហៅអ្នកបើកបរ ផាកពិន័យ មិនចេញវិក្កយបត្រ ស្របពេលដែលអ្នកបើកបរ មិនមានកំហុសទាល់តែសោះ។

ដោយទទួលបានបទបញ្ជា និងការឯកភាពពីលោកស្នងការ ផ្នែកវិន័យ នៃការិយាល័យ បុគ្គលិក បានសម្រេចដកមន្ត្រីទាំង បួនរូបនេះ មកបញ្ឈរជើង រយ:ពេល ៣ខែ បង្ហាញមុខ ជាប្រចាំ រាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក ធ្វើកិច្ចសន្យា ជាពិសេសមន្ត្រីដែលប្រព្រឹត្ត កំហុស ត្រូវបានដកឋានន្តរសក្តិ មួយកម្រិត ( ដកមួយសក្តិ ) ដើម្បីជាការព្រមានចំពោះ ការប្រព្រឹត្តកំហុសនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៩:១៥ នាទីព្រឹក នៅចំណុចគោលដៅ ស្តុបទន្លេបាសាក់ តាមបណ្តោយមហាវិថីម៉ៅសេទុង មានករណីផាក ពិន័យពុំត្រឹមត្រូវ និងមិនចេញវិក្កយបត្រ ប្រព្រឹត្តដោយក្រុមមន្ត្រី នៅគោលដៅនោះ ទៅលើរថយន្តមួយគ្រឿង ម៉ាក ISUZU ពណ៌ទឹកប្រាក់ ខណៈពេលអ្នកបើកបរ ពុំបានប្រព្រឹត្ត ល្មើសភ្លើងសញ្ញាចរាចរណ៍ឡើយ (ភ្លើងពណ៌បៃតង) ដោយមានភស្តុតាង ជាវីដេអូ កាមេរ៉ា ភ្ជាប់នៅក្នុងរថយន្ត ពេលកំពុងបើកបរឆ្លងស្តុប ។ លុះដល់ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ មានបែកសារជាសម្លេងទទួលកំហុស ដែលលោកអនុសេនីយ៍ទោ ព្រំ ចាន់ដារ៉ា បានយក គណនីហ្វេសប៊ុករបស់លោក អនុសេនីយ៍ឯក ថាច ប៊ុនធឿន ផ្ញើសារទៅកាន់ម្ចាស់រថយន្ត ដើម្បីផ្ទេរប្រាក់ជូនវិញ និងស្នើសុំលុបវីដេអូ ដែលបានបង្ហោះ ក្នុងបណ្តាញសង្គម ប៉ុន្តែត្រូវបានម្ចាស់រថយន្ត បដិសេធ។

ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រីករាយក្នុងការទទួលព័ត៌មាន ពីបងប្អូនប្រជាពលរដ្ឋ ក្នុងករណីមានមន្ត្រីរូបណា​ ដែលអនុវត្តខុសពីការណែនាំ ឬផ្ទុយពីច្បាប់ដែលបានកំណត់៕/V-PC