ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ បានបើកការដ្ឋានស្ថាបនាផ្លូវបេតុង និងដាក់លូ ជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ជា ពិសី អភិបាលខណ្ឌទួលគោក ដោយមានការអញ្ជើញចូលរួម ពីលោកអភិបាលរង លោកនាយក លោកប្រធានការិយាល័យ មន្រ្តីសាលាខណ្ឌ លោកចៅសង្កាត់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀន មេភូមិ ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន ៥០នាក់។

មន្ត្រីសាលាខណ្ឌ បានឱ្យដឹងថាៈ សម្រាប់គម្រោងអភិវឌ្ឍន៍ ឆ្នាំ២០២២នេះ សង្កាត់ទឺកល្អក់ ទី៣ បានលើកគម្រោងជួសជុលផ្លូវ ដាក់លូមូល ដោះទឹកចំនួន ១ខ្សែ និងចាក់បេតុង គ្មានសរសៃដែក ​ចំនួន១ខ្សែ​ គឺៈ ១- ដាក់លូមូលដោះទឹក​ ទំហំ ០,៦ ម៉ែត្រ ប្រវែង ៧២៧ ម៉ែត្រ​ មានទីតាំងផ្លូវលេខ២០២​ (ចន្លោះផ្លូវលេខ២៥៧​ ដល់ផ្លូវ២៦៩)​ ស្ថិតនៅភូមិ៨​ ,៩ និងភូមិ ១៣។
២-ចាក់បេតុងគ្មានសរសៃដែក​ ប្រវែងសរុប​ ៥០ ម៉ែត្រ ទទឹង​ ៦ ម៉ែត្រ កម្រាស់​ ០,១៥ ម៉ែត្រ​ ស្ថិតនៅច្រកផ្លូវលេខ២៧១​ ម្តុំមុខសាលាកូរ៉េ​ ស្ថិតនៅភូមិ១១ ។ គម្រោងជួសជុលដាក់លូមូល ដោះទឹកចំនួន ១ខ្សែ និងចាក់បេតុង គ្មានសរសៃដែក​ចំនួន១ខ្សែ​ ចំណាយថវិកាសរុបចំនួន​ ១៦៥.៧៧៤.៥០០រៀល៕/V-PC