ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក រដ្ឋមន្ត្រី អ៉ិត សំហេង និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តួចផ្តើមបុណ្យកឋិនទានសាមគ្គី ដង្ហែទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់ត្រីមាស ក្នុងពុទ្ធសីមា ក្នុងទីវត្តអារាម មួយចំនួន នៅរាជធានីភ្នំពេញ រួមមាន វត្តមហាមន្រ្តី វត្តសារាវ័ន្តតេជោ វត្តមណិរតនារាម (ទួលទំពូង) វត្តលង្កាព្រះកុសុមារាម និងវត្តនួនមណីរាម (ថាន់) ។

កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ លោករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានដង្ហែកឋិនទាន ចូលវត្តមហាមន្ត្រី ដើម្បីប្រគេនបច្ច័យកសាងសមិទ្ធផល ក្នុងទីវត្តអារាមមួយនេះ សម្រាប់បម្រើជាឧត្តមប្រយោជន៍ ក្នុងព្រះពុទ្ធសាសនា។

នៅក្នុងឱកាសដ៏វិសេសវិសាលនោះ លោក អ៉ិត សំហេង បានមានប្រសាសន៍ថាៈ តាមរដ្ឋធម្មនុញរបស់ព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកព្រះពុទ្ធសាសនា ជាសាសនា របស់រដ្ឋ ប៉ុន្តែពលរដ្ឋខ្មែរ ក៏មានសិទ្ធិសេរីភាព ក្នុងការគោរពប្រតិបត្តិសាសនា ផ្សេងៗ ទៀតបាន។

លោកបណ្ឌិត បានបញ្ជាក់ថាៈ ក្នុងនាមពុទ្ធសាសនិក យើងទាំងអស់គ្នា មានកាតព្វកិច្ច ក្នុងការជួយទ្រទ្រង់ វិស័យព្រះពុទ្ធសាសនា ធ្វើឲ្យព្រះធម៌ដ៏ឧត្តុង្គឧត្តមរបស់ ព្រះសមណគោតម ព្រះបរមគ្រូនៃយើង ស្ថិតស្ថេរគង់វង្ស រហូតតទៅ ។

ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី និងអ្នកផ្តើមបុណ្យ ទាំងអស់ ក៏បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតជូនចំពោះ លោកឧកញ៉ា អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រីរាជការទាំងអស់ ដែលបានអញ្ជើញចូលរួម និងបានចូលបច័្ចយ ដល់អង្គកឋិនទាន និងសូមឧទ្ទិសកុសលផលបុណ្យ ដែលកើតចេញពីអង្គកឋិនទាននេះ ជូនចំពោះ លោកឧកញ៉ា អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រីរាជការ សូមសមប្រកប ដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ។

គួរបញ្ជាក់ថា ចំពោះបច្ច័យសម្រាប់ចូលរួមកសាងសមិទ្ធផលនានា សរុប ២៣១.៨៥០ .០០០ រៀល ក្នុងនោះ វេរប្រគេនវត្តមហាមន្ត្រី ចំនួន ១៦៣.៦០០.០០០ រៀល។ ចំពោះ វត្តសារាវ័ន្តតេជោ វត្តមណិរតនារាម (ទួលទំពូង) វត្តលង្កាព្រះកុសុមារាម និងវត្តនួនមណីរាម (ថាន់) ក្នុងមួយវត្តៗ ទទួលបានបច្ច័យចំនួន ២០ លានរៀល។

រីឯបច្ច័យ និងថវិកា សម្រាប់ប្រគេនដល់ព្រះសង្ឃ តាជី យាយជី និងកូនសិស្ស នៅវត្តមហាមន្ត្រី សរុបចំនួន ១១.៨៥០.០០០ រៀល៕  V / N