​ដោយ​:​បូកគោ​/​កែប​: ទំហំ​ផ្ទៃ​ស្រែអំបិល​ក្នុង​ខេត្ត​កែប​អាច​នឹង​រួម​តូច​ដោយសារ​អ្នក​ផលិត​មួយចំនួន​សុំ​កែប្រែ​ប្រភេទ​ដី​។ ទិន្នផល​អំបិល​ក៏​នឹង​ថយចុះ​ព្រោះតែ​ម្ចាស់​មួយចំនួន​ទុក​ការដ្ឋាន​ផលិត​ឱ្យនៅ​ទំនេរ​ក្រោម​ហេតុផល​ជួប​ក្តី​លំបាក​។​

​ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ខេត្ត​កែប លោក​ប៊ុន យ៉ូ​ង បាន​ប្រាប់​ឱ្យដឹងថា កាលពី​ឆ្នាំ​២០១៩ ផ្ទៃដី​ផលិត​អំបិល​ក្នុង​ខេត្ត​កែប​មាន​ទំហំ​៩៩៥​ហិកតា​។ ទិន្នផល​អំបិល​មានការ​ប្រែប្រួល​តាម​អាកាសធាតុ​។ នៅ​ឆ្នាំ​២០២១ ទិន្នផល​អំបិល​ដែល​ផលិត​បាន​មាន​ទម្ងន់​ជាង​១​ម៉ឺន​តោន​។ ដោយឡែក​ក្នុង​ឆ្នាំ​២០២២​នេះ បាន​ថយចុះ​ប្រមាណ​៧០​ភាគរយ ពោលគឺ​ផលិត​បានត្រឹមតែ​២.៨០០​តោន​ប៉ុណ្ណោះ​។


​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា សម្រាប់​ខេត្ត​កែប ដីស្រែ​អំបិល​បែង​ចែង​ជា​បី​ប្រភេទ​។ ប្រភេទ​ទី​១ ជា​ដី​ដែល​រដ្ឋ​ប្រគល់ឱ្យ​ប្រជាជន​ផលិត​អំបិល​តែ​ស្ថិតក្នុង​បញ្ជីសារពើភ័ណ្ឌ​របស់រ​ដ្ឋ​។ ដីស្រែ​ប្រភេទ​នេះ​មិនអាច​កែប្រែ ឬ​លក់​បានទេ គឺ​សម្រាប់​ផលិត​អំបិល​ប៉ុណ្ណោះ​។ ប្រភេទ​ទី​២ ជា​ដី​របស់​រដ្ឋ​ប្រគល់ឱ្យ​ប្រជាជន​គ្រប់គ្រង​។ ដី​ប្រភេទ​នេះ​រដ្ឋ​លើកទឹកចិត្ត​ដល់​អ្នកគ្រប់គ្រង​អាច​ធ្វើការ​កែប្រែបាន​២០​ភាគរយ​នៃ​ទំហំ​សរុប​សម្រាប់​អភិវឌ្ឍ​វិស័យ​ផ្សេងៗ​ដើម្បី​យកមក​គាំទ្រ​ការងារ​ផលិត​អំបិល​លើ​ទំហំ​ផ្ទៃដី​៨០​ភាគរយ ដែល​នៅសល់​។ ចំណែក​ប្រភេទ​ទី​៣ ជា​កម្មសិទ្ធិឯកជនរ​បស់​ប្រជាពលរដ្ឋ​។ ក្នុងករណី​ម្ចាស់​ស្រែអំបិល​សុំ​កែប្រែ​ប្រភេទ​ដី​មាន​លក្ខណ​:​សមស្រប​នោះ​រដ្ឋ​នឹង​អនុញ្ញាត​ជូន​។​

​លោក​ប៊ុន យ៉ូ​ង បាន​បញ្ជាក់ថា ដោយសារ​ទិន្នផល​អំបិល​ធ្លាក់ចុះ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ជីវភាព​អ្នក​ផលិត​។ បច្ចុប្បន្ន អ្នក​ផលិត​មួយចំនួន​បាន​ទុក​ស្រែអំបិល​នៅ​ទំនេរ ឯ​អ្នកខ្លះ​បានស្នើ​សុំឱ្យ​ជួយ​រក​កម្ចី​ដើម្បី​យកមក​ផលិត​បន្ត​។ ចំណែក​អ្នក​ផលិត​ខ្លះទៀត​បានស្នើ​សុំ​កែប្រែ​ប្រភេទ​ដី​តែម្តង​។

​ទោះជា​បែបនេះ​ក្តី មកដល់​បច្ចុប្បន្ន​មន្ទីរ​មិនទាន់​ដឹង​អំពី​ទំហំ​ផ្ទៃដី​ស្រែអំបិល​ទូទាំង​ខេត្ត​កែប​ថា​មាន​ប៉ុន្មាន​ឱ្យបាន​ច្បាស់លាស់​នៅឡើយ​ទេ​៕​