​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ វិបត្តិ​វិលជុំ​ដែល​ជាប់​ទាក់ទង​នឹង​សង្គ្រាម គ្រោះមហន្តរាយ​អាកាសធាតុ និង​ជំងឺ​រាតត្បាត​បាន​ធ្វើឱ្យ​ប្រព័ន្ធ​ស្បៀងអាហារ​ពិភពលោក​រង្គោះរង្គើ​ហើយ​បាន​រុញ​​មនុស្ស​រាប់លាន​នាក់​អោយ​ធ្លាក់​ក្នុង​ភាពអត់ឃ្លាន​និង​ភាពក្រីក្រ​។​

​បម្រែបម្រួល​អាកាសធាតុ​កំពុង​ដើរ​តួនាទី​មួយ​រួចទៅហើយ ខណៈ​ទឹកជំនន់ គ្រោះរាំងស្ងួត និង​រលក​កម្ដៅ​បាន​ជះ​ឥទ្ធិពល​ពី​អឺរ៉ុប​រហូត​ដល់​អាស៊ី និង​គំរាម​ឱ្យ​មាន​គ្រោះ​ទុរ្ភិក្ស​នៅ​តំបន់​ស្នែង​អាហ្វ្រិក​​នៅ​ពេល​អ្នក​ជំនាញ​បាន​ព្រមាន​ថា នេះ​អាច​គ្រាន់តែ​ជា​ការចាប់ផ្ដើម​ប៉ុណ្ណោះ​។​

​លោក ម៉ា​ម៉ា​ឌូ ហ្គ​យ​តា (Mamadou Goita) អ្នកជំនាញ​នៃ​ក្រុម​និរន្តរភាព​ស្បៀង IPES-Food ដែល​ធ្វើការ​ជាមួយ​អង្គការ​កសិករ​នៅ​អាហ្វ្រិក​និង​ជុំវិញ​ពិភពលោក បាន​និយាយថា​”​ប្រសិនបើ​​យើង​មិន​ធ្វើ​សកម្មភាព​ឥឡូវ​នេះ​ទេ នេះ​គ្រាន់តែ​ជា​គំរូ​នៃ​អ្វី​ដែល​អាច​នឹង​កើត​ឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ប៉ុណ្ណោះ​”​។​

​បញ្ហា​នេះ​នឹង​ត្រូវ​ផ្តោត​ជា​សំខាន់​មិន​ធ្លាប់​មាន​ពីមុនមក នៅក្នុង​ការចរចា​អំពី​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​នៅ​ខែក្រោយ​។​

​ការផលិត​អាហារ​គឺជា​ប្រភព​សំខាន់​នៃ​ការបំភាយ​ឧស្ម័ន​បង្ក​កម្តៅ​នៅលើ​ភពផែនដី និង​ប្រឈមមុខ​ខ្លាំង​បំផុត​ចំពោះ​ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ​។​

​ហានិភ័យ​មួយចំនួន​គឺ​កំពុង​កើតឡើង​សន្សឹមៗ ពោល​ទិន្នផល​ធ្លាក់ចុះ ការឡើង​កម្តៅ​មហាសមុទ្រ ភាព​មិន​ស៊ីគ្នា​តាម​រដូវ​កាល​រវាង​ភ្នាក់ងារ​លម្អង​និង​រុក្ខជាតិ​និង​ការ​គំរាម​នៃ​រលក​កម្តៅ​ចំពោះ​កម្មករ​​នៅ​តាម​កសិដ្ឋាន​។​

​លោក រ៉ា​ឆែ​ល បេស​ណឺ កឺ (Rachel Bezner Kerr) សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យខ័​រនែ​ល (Cornell) និង​ជា​អ្នកនិពន្ធ​ឈានមុខ​នៃ​របាយការណ៍ IPCC​របស់​អ​.​ស​.​ប​ស្តីពី​ផលប៉ះពាល់​​អាកាសធាតុ បាន​និយាយថា ហានិភ័យ​ផ្សេងទៀត ដូចជា​ទឹក​ជំនន់ អាច​បណ្តាលឱ្យមាន “​ការបំផ្លិចបំផ្លាញ​ជីវភាព​រស់នៅ និង​ហេដ្ឋារចនាសម្ពន្ធ​” ភ្លាមៗ​។​ហានិភ័យ​ទាំងនេះ​អាច​ប៉ះពាល់​យ៉ាង​អាក្រក់​​ដល់​ខ្សែសង្វាក់​ផ្គត់ផ្គង់​សកល ដោយ​ប្រសព្វ​គ្នា​ជាមួយនឹង​វិបត្តិ​ផ្សេងៗ​ជាច្រើន​ទៀត​។​

​អាកាសធាតុ​ធ្ងន់ធ្ងរ​និង​កូវី​ដ​១៩​បាន​រុញ​ថ្លៃ​អាហារ​ជិត​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​ដើមឆ្នាំ​នេះ នៅពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុ​យក្រែន ដែល​ជា​ប្រទេស​នាំចេញ​គ្រាប់​ធញ្ញជាតិ​និង​ប្រេង​ផ្កាឈូករ័ត្ន​ដ៏​​សំខាន់​។​

​ចាប់តាំងពី​ពេលនោះ​មក សីតុណ្ហភាព​ក្តៅ​ខ្លាំង​បានធ្វើឱ្យ​ដំណាំ​ក្រៀម​ស្វិត​នៅ​ទូ​ទាំង​អាស៊ី​ខាងត្បូង គ្រោះរាំងស្ងួត​អាក្រក់​បំផុត​ក្នុង​រយៈពេល ៥០០ ឆ្នាំ​បាន​បំផ្លាញ​ដំណាំ​ពោត​និង​ដើម​អូ​លីវ​របស់​អឺរ៉ុប ស្ពៃក្តោប​ដែល​ខ្លោច​ដោយសារ​កម្តៅ​នៅ​កូរ៉េខាងត្បូង​បាន​បង្កឱ្យមាន “​វិបត្តិ​គីមឈី​” និង ទឹកជំនន់​បាន​ពន្លិច​វាលស្រែ​របស់​នី​ហ្សេ​រី​យ៉ា​។​

​នៅក្នុង​ប្រទេស​ចិន ខណៈ​គ្រោះរាំងស្ងួត​បានធ្វើឱ្យ​អាង​ទន្លេ​យ៉ាង​សេ​ស្ងួត​ហួតហែង កន្លែង​ដែល​មួយ​ភាគ​បី​នៃ​ដំណាំ​របស់ខ្លួន​ត្រូវបាន​ដាំ​ដុះ អាជ្ញាធរ​បាន​បញ្ជូន​ដ្រូ​ន​បណ្ដុះ​ពពក​ដើម្បី​សាកល្បង​បង្កើត​ទឹកភ្លៀង​៕

​ភ្លៀង​រដូវវស្សា​ពន្លិច​ដីស្រែ​មួយ​ផ្នែក​ធំ​របស់​ប៉ា​គី​ស្ថាន