ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ «​ទង្វើ​ស្មោកគ្រោក​ជាន់ឈ្លី​រាជបល្ល័ង្គ​របស់​កម្ពុជា ជា​បន្តបន្ទាប់ បង្ហាញ​ពី​សីលធម៌​បែប​អនាថា ភាព​អន់ និង​អវិជ្ជា​របស់​ទណ្ឌិត​សម រង្សី​» ។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់លោក ហ៊ុន ម៉ា​នី នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២២​នេះ​។

​លោក ហ៊ុន ម៉ា​នី បាន​បន្តថា “​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ ខ្ញុំ​ពិតជា​មិនអាច​ទទួលយកបាន​នូវ​ពាក្យសម្តី​អគតិ ប្រមាថ​ដ៏​ធ្ងន់ធ្ងរ​បំផុត របស់​ទណ្ឌិត សម រង្ស៊ី ដែល​លើកឡើង​ក្នុង​វីដេអូ​ខ្លី​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នាពេល​ថ្មីៗ​នះ ចំពោះ​ព្រះករុណា​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​ស​ម្កា​រៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជារាស្ត្រ ដែល​ព្រះ​អង្គជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ ថា​គ្មាន​មនសិការ​ជាតិ និង​ក្បត់ជាតិ​។ ”

​លោក ហ៊ុន ម៉ា​នី បាន​សង្កត់ធ្ងន់ថា «​ការប្រើប្រាស់​ពាក្យសម្តី និង​ទង្វើ​ស្មោកគ្រោក​ជាន់ឈ្លី​រាជបល្ល័ង្គ​របស់​កម្ពុជា​ជា​បន្តបន្ទាប់ បាន​សបញ្ជាក់​ពី​ចរិត​ដ៏​គឃ្លើន និង​អាកប្បកិរិយា​ក្បត់ជាតិ របស់​ទណ្ឌិត​ម្នាក់នេះ ដែល​មិនអាច​អត់ឱន​ឲ្យ​បានជា​ដាច់ខាត​។ ទង្វើ​នេះ មិន​ត្រឹមតែ​ជាការ​បង្ហាញ​ពី​សីលធម៌​បែប​អនាថា នៃ​ការដឹកនាំ​របស់គាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជាការ​បើកដៃ​ឲ្យ​បរទេស​ផ្តើម​មាក់ងាយ​មកលើ​កិត្តិយស​ជាតិ​របស់​យើង​។​»

​លោក ហ៊ុន ម៉ា​នី សូម​ឲ្យ​ទណ្ឌិត សម រង្ស៊ី បញ្ឈប់​នូវ​វិធីសាស្ត្រ​បែប​កខ្វក់ និង​គ្មាន​ការទទួលខុសត្រូវ ជាពិសេស​ការជាន់​ឈ្លី​រាជបល្ល័ង្គ​របស់​កម្ពុជា ក៏ដូចជា​ការ​អុចអាល ញុះញង់​សព្វបែបយ៉ាង​ដែល​រំខាន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រួមរស់​យ៉ាង​សុខសាន្ត ក្នុង​សន្តិភាព និង​ការអភិវឌ្ឍ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាបន្ទាន់ ព្រោះថា​ការធ្វើ​នយោបាយ​របៀប​លោក​នេះហើយ​ដែល​ធ្វើអោយ​ប្រទេស​កម្ពុជា​យើង​បាត់បង់​មុខមាត់ និង​ផលប្រយោជន៍ ដែល​លោក​ផ្ទាល់​មិនដែល​ចេះ​ទទួលខុសត្រូវ​ឡើយ​៕​