ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្នុងដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ រយៈពេល ១ថ្ងៃ ពោលគឺ ថ្ងៃទី២៤ និងថ្ងៃទី២៥ ខែតុលា មួយព្រឹក កន្លងមក បានប្រព្រឹត្តិទៅយ៉ាងរលូនល្អ និងគ្មានបញ្ហាអ្វីចោទឡើង គួរកត់សម្គាល់ឡើយ។ នេះជាការបញ្ជាក់ឱ្យដឹង ពីសំណាក់លោក រស់ សុវាចា មន្រ្តីនាំពាក្យ នៃក្រសួងអប់រំ យុវជន និងកីឡា។

ថ្លែងប្រាប់រស្មីកម្ពុជា បន្ទាប់ពីបញ្ចប់ការប្រឡង នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ លោក រស់ សុវាចា បានឱ្យដឹងថាៈ ការដំណើការប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ បានបញ្ចប់ទៅដោយរលូន តាមការគ្រោងទុក ក្រោមកិច្ចសហការពីគណ:គ្រប់គ្រងគ្រប់មណ្ឌលប្រឡង, បេក្ខជនប្រឡង, និងគ្រប់ភាគីពាក់ព័ន្ធ។ ដោយឡែក ការប្រឡងមួយព្រឹក ថ្ងៃទី២ (២៥ តុលា) ក៏បានប្រព្រឹត្តិទៅរលូន ដូចតាមការគ្រោងទុក ផងដែរ។

បើតាមមន្រ្តីនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡារូបនេះ បានបញ្ជាក់ឱ្យដឹងថាៈ ” គិតរហូតមកដល់ត្រឹមពេលនេះ មិនមានព្រឹត្តិការណ៍អ្វី គួរឱ្យកត់សម្គាល់ទេ”។ ទន្ទឺមគ្នានេះ លោក រស់ សុវាចា ក៏បានអំពាវនាវសូមឱ្យបេក្ខជនប្រឡងទាំងអស់ បន្តអនុវត្តន៍ គោលការណ៍ប្រឡង, គោរពច្បាប់ចរាចរណ៍ ពេលធ្វើដំណើរទៅមក, និងអនុវត្តន៍ វិធានសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន។

គួរបញ្ជាក់ថា បើតាមក្រសួងអប់រំ យុវជន និងកីឡា ឱ្យដឹងកន្លងមក បេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬហៅ ឌីប្លូម សម័យប្រឡង ២៤ តុលា ២០២២ មានចំនួនសរុប ១៧៤.៧២៦ នាក់ ស្រី ៩៥.១២៧ នាក់។ ចំពោះសិស្សចំណេះទូទៅ ១៧៣.៤៦៦ នាក់ ស្រី ៩៤.៨៧៦ នាក់, ស្វៃរិន ១៣៦នាក់ ស្រី ៤៥នាក់, បំពេញវិជ្ជា ១ .០៧៦ នាក់ ស្រី ១៩២នាក់, គថ្លង់ ២៩ នាក់ ស្រី ៩នាក់, ពិការភ្នែក ១៩នាក់ ស្រី ៥នាក់ ដែលមានមណ្ឌលសរុប ១.៧២៣ បន្ទប់សរុប ៧.៨១៦។

សម្រាប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នេះ មុខវិជ្ជាដែលត្រូវប្រឡង រួមមានដូចជា ដោយពេលព្រឹក ចាប់ពីម៉ោង ៧ៈ៣០នាទី ដល់ម៉ោង ៩ៈ៣០នាទី គណិតវិទ្យា (១២០នាទី)និង ម៉ោង ១០ៈ០០ នាទី ដល់ម៉ោង ១១ៈ០០នាទី ការសរសេរតាមអាន (៦០នាទី)។ ដោយឡែក ពេលរសៀលចាប់ពីម៉ោង ១៤ៈ០០នាទី ដល់ម៉ោង ១៤ៈ៤៥នាទី ជីវវិទ្យា (៤៥នាទី)។ ម៉ោង ១៥ៈ១៥នាទី ដល់ម៉ោង ១៥ៈ៥៥នាទី ប្រវត្តិវិទ្យា (៣០នាទី) និងម៉ោង ១៦ៈ២៥នាទី ដល់ម៉ោង ១៧ៈ១០នាទី ភាសាបរទេស (៤៥នាទី)។

បើតាមក្រសួងអប់រំ បានឱ្យដឹងដែរថាៈ ចំពោះពេលវេលា ប្រកាសលទ្ធផល នឹងត្រូវធ្វើឡើង នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ៕/V-PC