ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២២ បានចាត់ក្រុមការរងារ នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ចុះអន្តរាគមន៍ទប់ស្កាត់ ការបាក់ច្រាំងទន្លេមេគង្គ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលបានបាក់ កាលពីវេលាប្រមាណម៉ោង ១ និង ៣០ នាទី ឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ប្រវែងប្រមាណ ៦០ ម៉ែត្រ។

កិច្ចការបន្ទាន់នេះ ត្រូវបានលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចាត់ឱ្យលោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប ជាអ្នកដឹកនាំរួម ជាមួយក្រុមការរងារ នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ដោយសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម។

លោក ម៉ៅ ហាក់ បានឱ្យដឹងថាៈ នៅពេលនេះ ក្រុមការងារ បានត្រៀមសម្ភារៈ និងលក្ខណៈបច្ចេកទេស រួចរាល់ហើយ រង់ចាំតែការដឹកជញ្ជូនខ្សាច់ មកដល់ នឹងចាប់ផ្តើមអនុវត្តប៉ុណ្ណោះ។/V-PC