ដោយ: ពៅនិមល / ភ្នំពេញ៖ កម្ពុជា-អេមីរ៉ាត អារ៉ាប់រួម បានប្រកាសបើកជាផ្លូវការ អំពីការចាប់ផ្ដើម ដំណើរការចរចា កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Cambodia-UAE | Comprehensive Economic Partnership Agreement-CEPA) ក្នុងគោលដៅ ដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី តាមរយៈការធ្វើពិពិធកម្មទីផ្សារ សម្រាប់នាំចេញទំនិញ និងសេវាកម្ម ព្រមទាំងការបង្កើត កាលានុវត្តភាព សម្រាប់ការវិនិយោគ និងពង្រឹងកិច្ចសហការ សម្រាប់វិស័យអាទិភាព។

ក្រសួងពាណិជ្ជកម្ម នៅក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីពិធីប្រកាសបើកជាផ្លូវការ អំពីការចាប់ផ្ដើមដំណើរការចរចា កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ចេញផ្សាយនៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ បានឲ្យដឹងថាៈ ពិធីប្រកាសបើកការចរចានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ហ្សេយូឌី រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងសេដ្ឋកិច្ច អេមីរ៉ាត អារ៉ាប់រួម និងមានការចូលរួមពី ក្រុមការងារចរចាអន្តរក្រសួង សភាពាណិជ្ជកម្ម និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មកពីស្ថាប័នសាធារណៈ និងវិស័យឯកជន នៃភាគីទាំងពីរ សរុបប្រមាណ ១០០ រូប ស្ថិតនៅទីក្រុងអាប៊ុយដាប៊ី អេមីរ៉ាត អារ៉ាប់រួម ។

នៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានលើកឡើង អំពីតួនាទីដ៏សំខាន់របស់ កិច្ចព្រមព្រៀង ក្នុងការផ្ដល់លទ្ធភាព រវាងប្រទេសទាំងពីរ អាចបំពេញបន្ថែមនូវសក្តានុពល សេដ្ឋកិច្ចរវាងគ្នា ដែលនឹងកា្លយជាកម្លាំងចលករ ជំរុញកំណើនរួម តាមរយៈការជំរុញ ខ្សែច្រវាក់ផ្គត់ផ្គង់ ការសម្រួលដល់លំហូរពាណិជ្ជកម្ម និងការជំរុញការវិនិយោគទ្វេភាគី ជាដើម។

លោកបានបន្តថាៈ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនេះ មានលក្ខណៈ ពិសេសសម្រាប់ប្រទេសទាំងពីរ ដោយនឹងបន្តពង្រឹងមិត្តភាព និងលើកកម្ពស់ទំនាក់ទំនង ដែលកំពុងរីកចម្រើន រវាងពិភពអារ៉ាប់ និងអាស៊ាន។ លោកបានបន្ថែមទៀតថាៈ តំបន់ទាំងពីរ នាពេលបច្ចុប្បន្ននេះ ស្ថិតក្នុងចំណោមតំបន់ ដែលមានថាមវន្តសេដ្ឋកិច្ចខ្លាំង នៅលើពិភពលោក ដូចនេះមានកាលានុវត្តភាពជាច្រើន ដែលភាគីទាំងពីរ អាចច្បាមយក សម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ច។

លោកបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ហ្សេយូឌី បានលើកឡើងថាៈ​ ការចរចាពាណិជ្ជកម្ម សេរីជាមួយកម្ពុជា គឺជាផ្នែកដ៏សំខាន់ ក្នុងការកសាងទំនាក់ទំនង កាន់តែជិតស្និទ្ធ និងរឹងមាំ ជាមួយដៃគូពាណិជ្ជកម្មជុំវិញពិភពលោក។ លោកបានបន្តថាៈ អេមីរ៉ាតអារ៉ាប់រួម បាននឹងកំពុងតាក់តែង ទស្សនវិស័យសេដ្ឋកិច្ច សម្រាប់រយៈពេលវែង និងកសាងនូវ មូលដ្ឋានគ្រឹះ ដើម្បីសម្រេចបាននូវកំណើន កាលានុវត្តភាព និងភាពជោគជ័យបន្ថែម ទៀត។

លោកបានទទួលស្គាល់ថាៈ កម្ពុជា គឺជាប្រទេសដែលមានវិបុលភាពសេដ្ឋកិច្ច នៅក្នុងបេះដូងអាស៊ី ជាមួយនឹងវិស័យកម្មន្តសាល និងកសិកម្មដ៏រឹងមាំ ព្រមទាំងមាន កំណត់ត្រាដ៏គួរឱ្យកត់សម្គាល់ នៅក្នុងវិស័យថាមពលកកើតឡើងវិញ។ ជាការពិតណាស់ ប្រជាជាតិរបស់អេមីរ៉ាតអារ៉ាប់រួម មានគោលដៅរួមគ្នា ក្នុងការផ្ដល់នូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព ហើយយើងជឿជាក់ថា យើងនឹងអាចធ្វើការរួមគ្នា ដើម្បីពង្រឹងការនាំ ចេញ ការអភិវឌ្ឍវិស័យទេសចរណ៍ និងភ័ស្តុភារកម្ម។ ហើយកិច្ចពិភាក្សាក្នុងពេលនេះ និងនៅពេលបន្ទាប់ទៀត នឹងកសាងនូវយន្តការដែលផ្តល់នូវអត្ថប្រយោជន៍ រយៈពេលវែង សម្រាប់ឆ្នាំខាងមុខ។ កិច្ចពិភាក្សា នៅថ្ងៃនេះ និងនៅពេលបន្ទាប់ទៀត នឹងកសាងនូវយន្ត ការដែលផ្តល់នូវអត្ថប្រយោជន៍រយៈពេលវែងសម្រាប់ឆ្នាំខាងមុខ។

ភាគីអេមីរ៉ាតអារ៉ាប់រួម បានលើកឡើងបន្តថាៈ ការចរចា Cambodia-UAE CEPA គឺជាការទទួលស្គាល់នូវ សេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស របស់កម្ពុជា ដែលរក្សាបាននូវអត្រាកំណើនប្រចាំឆ្នាំ ជាមធ្យម ប្រមាណ ៧,៧% ចន្លោះ ឆ្នាំ១៩៩៨-២០១៩ ហើយនៅឆ្នាំ២០២២នេះ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ត្រូវបានរំពឹងថា នឹងកើនឡើងប្រមាណ ៥,១% (ផ្អែកតាម IMF) ដែលញ៉ាំងឱ្យកម្ពុជា បន្តស្ថិតក្នុងចំណោមប្រទេស មានកំណើនសេដ្ឋកិច្ច រីកលូតលាស់ខ្លាំង។

សូមជម្រាបថា ដំណើរការចរចាជុំទី១ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៤ ដល់ទី២៦ ខែតុលា ឆ្នាំ២០២២ ដែលភាគីកម្ពុជា នឹងត្រូវដឹកនាំដោយលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងភាគីអេមីរ៉ាតអារ៉ាប់រួម នឹងត្រូវដឹកនាំដោយលោក ជូម៉ ម៉ូហាមេដ អាល់ កាត (Juma Mohammed Al Kait) អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម អន្តរជាតិ នៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម ព្រមជាមួយមន្ត្រីជាន់ខ្ពស់ តំណាងក្រសួង -ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ។

សូមបញ្ជាក់ទៀតថា គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មទ្វេរភាគីរវាង កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្រេចបានក្នុងទំហំទឹកប្រាក់ សរុបចំនួនប្រមាណជិត២៨០លាន ដុល្លារអាមេរិក ជាមួយនឹងកំណើន ៤០% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១៕/V-PC

ចំណងជើងរូបភាព៖ លោករដ្ឋមន្រ្តីពាណិជ្ជកម្មអញ្ញើញចូលរួមការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៅអេមីរ៉ាតអារ៉ាប់រួម
រូបភាព៖ ក្រសួងពាណិជ្ជកម្ម