ដោយៈ សុផល / ភ្នំពេញ​៖ តបតាមការអញ្ជើញរបស់លោក ឈួន លីកផៃ (Chuan Leekpai) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃឡង់ដ៍ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី២៦ ខែតុលា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣០ (APPF-30) ដែលសភាថៃឡង់ដ៍ ធ្វើជាម្ចាស់ផ្ទះ នាទីក្រុងបាងកក ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន នឹងចូលរួមថ្លែងបទអន្តរាគមន៍ នៅកិច្ចប្រជុំជាផ្លូវការ ក្រោមមូលបទ «សភា និងការស្ដារឡើងវិញ ប្រកបដោយចីរភាព ក្រោយជំងឺកូវីដ-១៩ ដើម្បីលើកកំពស់លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ»។

នៅក្នុងកំឡុងពេលចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនេះ សម្ដេចប្រធានរដ្ឋសភា គ្រោងជួបពិភាក្សា ការងារទ្វេភាគី ជាមួយសមភាគី ប្រធានរដ្ឋសភាថៃ និងទទួលជួបសវនាការ ជាមួយ ថ្នាក់ដឹកនាំសភា ប្រទេសជាមិត្តមួយចំនួនទៀត ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ វិស័យការទូតសភាកម្ពុជា នៅលើឆាកអន្តរជាតិ ទាំងក្របខ័ណ្ឌ ពហុភាគី និងទ្វេភាគី។ ចំណែកសមាជិក គណៈប្រតិភូដទៃទៀត នឹងចូលរួមកិច្ចប្រជុំ ជាច្រើនរបស់ APPF ស្របតាមកម្មវិធីដែលបានរៀបចំ ។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះ ជាភាសាអង់គ្លេស “The Asia-Pacific Parliamentary Forum” ដែលបានផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ ដើម្បីជំរុញយន្តការសភា ក្នុងការកសាងសុខសន្តិភាព ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់ និងពិភពលោក ដោយចីរភាព។ សភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិ នៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥ ។ បច្ចុប្បន្ន APPF មានសមាជិកពេញសិទ្ធិចំនួន ២៨ប្រទេស៕/V-PC