​ដោយៈ សុផល/​ភ្នំពេញ​៖ ដើម្បី​ជំរុញ​ដំណើរការ​អនុវត្ត គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​បាវិត កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២២ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា ប្រធាន​គណៈកម្មការ​អន្តរក្រសួង បាន​អញ្ជើញ​ដឹកនាំ​គណៈកម្មការ ប្រជុំពិភាក្សា​ការងារ ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​(CRBC)​។​

​យោងតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថាៈ អង្គប្រជុំ បាន​ពិនិត្យ និង​ពិភាក្សា លើ​កិច្ចព្រមព្រៀង​ក្របខណ្ឌ និង​កំពុង​ពិនិត្យ​ជំរុញ​ការចរចា​កិច្ចសន្យា ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន សម្រាប់​គម្រោង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុង​បាវិត ឱ្យបាន​ចប់ ក្នុងពេល​ឆាប់ៗ ខាងមុខនេះ ដើម្បី​ឈានទៅ​បើក​ការដ្ឋាន​សាងសង់ ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ផ្លូ​វ​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​បាវិត​។​

​គួរ​បញ្ជាក់ថា ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​បាវិត គឺជា​គម្រោង​មួយ ក្នុងចំណោម​គម្រោង ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន​ទៀត ដែល​រួមមាន ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ និង​គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ និង​ទី ៤ ។ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​បាវិត នឹង​ក្លាយជា​ផ្លូវ​ល្បឿន​លឿនទី​២ នៅ​កម្ពុជា បន្ទាប់ពី​ការស្ថាបនា​ផ្លូវ​ល្បឿ​លឿន ភ្នំពេញ​-​ព្រះសីហនុ​៕/V​