​ដោយៈ សុផល / ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន គ្រប់គ្រង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ បានសម្រេច​ទម្លាក់​តម្លៃ​ខ្លះ ដើម្បី​ជួយ សម្រួល​ឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន ប្រភេទ​រថយន្ត​កុងតឺន័រ​មានលទ្ធភាព​ប្រើប្រាស់​ផ្លូវ​នេះ​។ នេះ​បើតាម​លោក​ហ៊ាង សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានបញ្ជាក់​ឱ្យដឹង ។​

​លោក ហ៊ាង សុទ្ធា​យុ​ត្តិ បានឱ្យដឹងថាៈ ការសម្រេច​បញ្ចុះតម្លៃ​ខ្លះ​ពី​សំណាក់​ក្រុមហ៊ុន​ធ្វើឡើង ក្រោយ​កិច្ចប្រជុំ​មួយ​រវាង​ក្រសួង​សាធារណការ​និង​ក្រុមហ៊ុន​ចិន China Road and Bridge នាពេល​ថ្មីៗ​នេះ​។​

​លោក​បាន​បន្តថាៈ ក្រសួង​បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ក្រុមហ៊ុន ជជែក​លើ​តម្លៃ ដែល​កើតចេញពី​បញ្ហា​មួយចំនួន​ដូចជា ការ​អូស ស្ទូច​សណ្តោង​ក្នុងករណី​រថយន្ត​ជួប​ឧ​ប្ប​តិ្ត​ហេតុអ្វី​មួយ​និង​តម្លៃ​នៃ​ការប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ក្រសួង​បាន​ចរចា​ឱ្យ ក្រុមហ៊ុន បញ្ចុះតម្លៃ ហើយ​ជា​លទ្ធផល​ក្រុមហ៊ុន​ក៏​សម្រេច​ទម្លាក់​ខ្លះ​។​

​ជា​នីតិវិធី​ក្រុមហ៊ុន​កំណត់​តម្លៃ រីឯ​ក្រសួង​មាន​ភារកិច្ច​ពិនិត្យ​និង​គាំទ្រ ហើយ​ការប្រកាស​ផ្សព្វផ្សាយ​ពី​តម្លៃប្រើប្រាស់​ផ្លូវ និង​តម្លៃ​អូស​ស្ទូច​សណ្តោង នឹង​ប្រកាស​នាពេល​ឆាប់ៗ ក្រោយ​ភាគី​ទាំង​២ សម្រេច​លើ​តួលេខ​រួម​នៃ​តម្លៃ​៕/V​