ដោយៈ សុផល / ភ្នំពេញ​៖ លោក ឡេង ធន​យុ​ទ្ធា រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២២ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ ក្រសួង ចូលរួម​កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី​៤ ឆ្នាំ​២០២២ នៃ​វេទិកា​ដឹកជញ្ជូន​អន្តរជាតិ (4th Quaternal Meeting 2022 of International Transport Forum) តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ដោយមាន​ការចូលរួម​ពី​រដ្ឋ​ជា​សមាជិក ប្រមាណ ៦៤ ប្រទេស​។​

​យោងតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថាៈ កិច្ចប្រជុំ​នេះ ប្រព្រឹត្តទៅ រយៈពេល​បួន​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២២ ដើម្បី​ពិនិត្យមើល​ឡើងវិញ​នូវ​វឌ្ឍនភាព និង​លទ្ធផល​នៃ​ការសិក្សា ស្រាវជ្រាវ​ថ្មីៗ ជជែក​តុមូល លើ​ប្រធាន បទ​សំខាន់ៗ​ចំពោះមុខ ការរៀបចំ​គោលនយោបាយ​ដឹកជញ្ជូន និង​ប្រធានបទ​ផ្សេងៗ សំដៅ​ជំរុញ​វិស័យ​ដឹកជញ្ជូន ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​កិច្ចប្រជុំ​ទាំងនោះ រួមមាន​៖ ១) កិច្ចប្រជុំ​គណៈកម្មការ​ស្រាវជ្រាវ​ដឹកជញ្ជូន​លើក​ទី​១២ (12th TRC) , ២) កិច្ចប្រជុំ​ក្រុមប្រឹក្សា​គ្រប់គ្រង ការដឹកជញ្ជូន​លើក​ទី​៣៦ (36th TMB) , ៣) កិច្ចប្រជុំ​រួមគ្នា នៃ​គណៈកម្មការ​ស្រាវជ្រាវ​ដឹកជញ្ជូន (TRC) ក្រុមប្រឹក្សា​គ្រប់គ្រង​ការដឹកជញ្ជូន (TMB) និង​ក្រុមប្រឹក្សា​នៃ​ការចូលរួម​ភាពជា​ដៃគូ (CPB) , ៤)​កិច្ចប្រជុំ​រួមគ្នា​នៃ​ក្រុមការងារ ឆ្នាំ​២០២៣/ ក្រុមការងារ ឆ្នាំ​២០២៤ (TF2023/TF2024) និង ៥) សិក្ខាសាលា​វាយតម្លៃ​កិច្ចប្រជុំ​កំពូល ប្រចាំឆ្នាំ​២០២២ (ITF Summit 2022) ផងដែរ​៕/V​