ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: លោក ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង និងលោកស្រី កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង នៅរសៀលថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ ចុះពិនិត្យការដំឡើងផ្ទាំងរូភាព និង ការដាក់បំភ្លឺភ្លើងចម្រុះពណ៌ តាមផ្លូវនានាក្នុងក្រុងកំពង់ឆ្នាំង ដើម្បីស្វាគមន៍ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ក្នុងក្រុងកំពង់ឆ្នាំង នៅដើមខែវិច្ឆិកា ខាងមុខនេះ។ ដោយឡែក នៅតាមមន្ទីរ អង្គភាព ជុំវិញខេត្តទាំងអស់ ក៏ត្រូវចូលរួមតាំងភ្លើងចំរុះពណ៌ នៅតាមមន្ទីរ អង្គភាពនីមួយៗ ផងដែរ ។

ទាក់ទងនឹងផែនការបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក កាលពីថ្ងែទី១៩ ខែតុលា នៅក្នុងសាលាខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ បានលើកឡើងថាៈ នៅក្នុងដើមខែ វិច្ឆិកា ខេត្តកំពង់ឆ្នាំង នឹងរៀបចំប្រារព្ធពិធីបុណ្យអុំទូក នៅមាត់ទន្លេ ផ្សារក្រោម រយៈពេល ២ ថ្ងៃ និងក៏រៀបចំពិធីអកអំបុក សំពះព្រះខែ ទៅតាមប្រពៃណីជាតិយើងផងដែរ។

ចំពោះការប្រណាំងទូក និងកាណូត លោកបានដាក់ផែនការ ដល់អាជ្ញាធរក្រុង ស្រុក ទាំង ៨ ត្រូវរៀបចំអញ្ជើញប្រជាពលរដ្ឋ មកចូលរួមលេងកម្សាន្ត ប្រណាំងទូក និងកាណូត ឱ្យបានមួយពាន់ទូក ដោយលោក នឹងត្រៀមចំណាយថវិកា ចំនួន ១០០ លានរៀល សម្រា ប់ជួយឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋ មកចូលរួមប្រណាំងទូក និងកាណូត។

ចំណែកក្រុមការងារយុវជន តាមអង្គភាពនានា ត្រូវរៀបចំវង់ភ្លេងរាំលេងកម្សាន្ត តាមសាឡាង និងកាណូតធំៗ ដើម្បីកំដរពិធីបុណ្យអុំទូក នៅតាមដងទន្លេ ផ្សារក្រោម ឲ្យបានកុះករ អធិកអធម។

នៅក្នុងក្រុងកំពង់ឆ្នាំង ក៏ត្រូវរៀបចំសង្វៀនកីឡាប្រដាល់ និងរៀបចំក្បួនប្រណាំងកង់ និងរត់ប្រណាំងម៉ាឡាតុង ដែលកម្មវិធីនេះ ប្រគល់ជូនមន្ទីរអប់រំ យុវជន និងកីឡា ជាអ្នករៀបចំ ហើយពេលយប់ ក៏រៀបចំពិធីដុតកាំជ្រូច អបអរសាទរផងដែរ។

ជាមួយគ្នានេះ នៅក្នុងក្រុងកំពង់ឆ្នាំង ចាប់ពីផ្លូវច្រមុះជ្រូក ផ្សារលើដល់ផ្សារក្រោម រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងកំពង់ឆ្នាំង នឹងរៀបចំជាតំបន់ត្រជាក់ ស្វាគមន៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្ត បង្កើនភាពសប្បាយរីករាយ ជយោសន្តិភាព ៕/V