ដោយៈ សុខុម / ស្ទឹងត្រែង: នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ កងរាជអាវុធហត្ថខេត្ត បានប្រគល់វត្ថុតាង សំណុំរឿង បង្ក្រាបរថយន្តដឹកឈើ មួយគ្រឿង មករដ្ឋបាលព្រៃឈើ ស្ទឹងត្រែង ក្រោយពីបង្ក្រាបបាន កាលពីវេលារំលងអធ្រាត្រ។

មន្ត្រីរដ្ឋបាលព្រៃឈើ បានប្រាប់ឲ្យដឹងថាៈ រថយន្តខាងលើនេះ បានដឹកឈើទ្វារបង្អួច ចេញពីភូមិសាស្ត្រខេត្តស្ទឹងត្រែង តាមផ្លូវជាតិលេខ៧ ហើយត្រូវកំលាំងកងរាជអាវុធហត្ថ ខេត្ត ស្ទាក់បង្ក្រាបបាន នៅចំណុចខាងមុខ ស្នាក់ការសន្តិសុខ ៧២២ ក្នុងភូមិសាស្ត្រ ភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ក្រោយពីបង្ក្រាបបាន កម្លាំងអាវុធហត្ថ បានបញ្ជូនមកទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងបានប្រគល់សំណុំរឿង ទៅឲ្យរដ្ឋបាលព្រៃឈើ នៅព្រឹកថ្ងៃដដែលនេះ។

សមត្ថកិច្ច បានឲ្យដឹងទៀតថាៈ នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើ ដោយមិនមានការអនុញ្ញាត ពីរដ្ឋបាលព្រៃឈើនោះ មិនបានឃាត់ខ្លួន អ្នកបើកបរឡើយ គឺឃាត់តែរថយន្ត និងឈើតែប៉ុណ្ណោះ។

មន្ត្រីជំនាញ បានទទួលយកវត្ថុតាង ក្នុងនោះរួមមាន ឈើអារសន្លឹកទ្វារ ចំនួន ៣០ សន្លឹក , ឈើអារគ្រោងទ្វារ ចំនួន ៦១ កន្ទុយ (សរុប ១១១ សន្លឹក / កន្ទុយ ស្មើនឹង ២,៣៧៣ ម៉ែត្រគូប ។ ដោយឡែក រថយន្ត ១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2G -0633 ត្រូវបានកងរាជអាវុធហត្ថខេត្ត រក្សាទុកនៅក្នុងទីបញ្ជាការ គឺប្រគល់តែឈើអារ ដូចចំនួនខាងលើ យកមករក្សាទុក នៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចងក្រង សំណុំរឿង បន្តតាមនីតិវិធី៕/V