ដោយ: បូកគោ / កំពត: អាជ្ញាធរខេត្តកំពត បាននិងកំពុងមមាញឹក ក្នុងការតុបតែងលម្អក្រុង ក៏ដូចជាទីកន្លែងសំខាន់ៗនានា ដើម្បីត្រៀមប្រណាំងទូក អបអរពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។

ថ្លែងក្នុងកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យការងាររៀបចំ ពិធីប្រណាំងទូកប្រពៃណីថ្មីៗនេះ លោកម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថាៈ រដ្ឋបាលខេត្ត កំពុងរៀបចំតុបតែងភ្លើង លើស្ពានឆ្លងកាត់ព្រែកកំពង់បាយ ទាំងពីរខ្សែ និងលម្អទីកន្លែងសំខាន់ៗក្នុងក្រុង ឱ្យមានភាពស្រស់ស្អាត និងទាក់ទាញ សម្រាប់ពិធីប្រណាំងទូក ប្រពៃណី ខាងមុខ។


ដើម្បីឱ្យពិធីដែលនឹងប្រព្រឹត្តឡើង រយ:ពេលបីថ្ងៃនោះ មានភាពអធិកអធម និងពោរពេញ ដោយក្តីសប្បាយរីករាយ ប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវសម្អាតអនាម័យ បរិស្ថានជុំវិញផ្ទះ រៀងៗខ្លួន។ បន្ថែមលើនេះ បងប្អូនត្រូវទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ហើយចូលរួមតុបតែង លម្អភ្លើងពណ៌ តាមគេហដ្ឋានរបស់ខ្លួន ដើម្បីរួមចំណែកបង្កើនសោភ័ណភាព សម្រាប់ពិធីប្រណាំងទូក ង ក៏ដូចជា ឱកាសបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខនេះ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពត នឹងរៀបចំពិធីប្រណាំងទូក ង ខ្នាតប្រពៃណី ពិធីបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។

ជាក្តីរំពឹង រដ្ឋបាលខេត្ត សង្ឃឹមថា ក្នុងអំឡុងពេល ៣ ថ្ងៃនោះ នឹងអាចមានភ្ញៀវ មកសម្រាកកម្សាន្តក្នុងខេត្ត និងនៅតាមបណ្តារមណីយដ្ឋាននានា ចន្លោះពី ៤០ ម៉ឺននាក់ ទៅ ៥០ ម៉ឺននាក់។ គ្រានោះ ទឹកប្រាក់ប្រមាណ ២៥ លានដុល្លារ នឹងបានជាចំណូល សម្រាប់ប្រជាពលរដ្ឋ តាមរយ:អាជីវកម្មផ្សេងៗ ៕/V