ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅក្នុងខែតុលានេះ ក្រុមមន្រ្ដីឧទ្យានុរក្សតំបន់រ៉ាមសារបឹងទន្លេឆ្មារបានថតរូបភាពនៃប្រភេទមំសាសីមួយក្បាលក្នុងកំឡុងពេលចុះល្បាតប្រចាំខែរបស់ពួកគាត់ ហើយវត្តមានសត្វនេះត្រូវបានបញ្ជាក់ថា ខ្លាត្រី ។

អង្គការជីវិតធម្មជាតិកម្ពុជា បានអះអាងថា ដោយសាររូបភាពដែលទទួលបានពិបាកក្នុងការធ្វើអត្តសញ្ញាណ ទើបអង្គការបានស្វែងរកជំនួយពីអ្នកជំនាញផ្នែកខ្លាត្រីទាំងនៅក្នុងស្រុក (គម្រោងខ្លាត្រីកម្ពុជា) និងក្រៅប្រទេស ហើយ ជាលទ្ធផលអ្នកជំនាញបានកំណត់ថា វាពិតជាខ្លាត្រីពិតប្រាកដមែន។
សូមបញ្ជាក់ថា នេះជាកំណត់ត្រាជាក់លាក់ជាលើកទីមួយពីវត្តមានសត្វខ្លាត្រីនៅតំបន់រ៉ាមសារបឹងទន្លេឆ្មារ។ ខ្លាត្រី គឺជាប្រភេទកំពុងរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN អាស្រ័យដោយចំនួនរបស់វាបាននឹងកំពុងបន្តថយចុះ។ ខ្លាត្រីអាចមានទម្ងន់ពី ១០ ទៅ ១៥ គីឡូក្រាម ឬលើសពីនេះ ហើយមានលក្ខណៈសម្របខ្លួនខ្ពស់ទៅតាមទីជម្រកក្នុងតំបន់ព្រៃលិចទឹក ជាពិសេសស្បែកការពារទឹកពីរស្រទាប់ ដូចមានក្នុងរូបភាពនេះ។ ការបាត់បង់ទីជម្រក ការបរបាញ់ ការបំពុលជាដើម គឺជាកត្តាគំរាមកំហែងដល់ប្រភេទមំសាសីមួយនេះ។

កំណត់ត្រាពីវត្តមានសត្វខ្លាត្រីនៅតំបន់បឹងទន្លេឆ្មារនៃបឹងទន្លេសាបនេះ គឺជាព័ត៌មានដ៏គួរអោយរីករាយ ពោលវាបញ្ជាក់ថា តំបន់រ៉ាមសារនេះមិនត្រឹមតែដើរតួសំខាន់ក្នុងការផ្តល់ទីជម្រកត្រីពងកូន និងសត្វស្លាបទឹកប៉ុណ្ណោះទេ វាក៏ជាទីតាំងដ៏សំខាន់ ដែលគាំទ្រប្រភេទថនិកសត្វផងដែរ។ អង្គការជីវិតធម្មជាតិនៅកម្ពុជាសូមគំាទ្រដល់ក្រសួងបរិស្ថានដែលកំពុងរៀបចំបែងចែកតំបន់ និងផែនការគ្រប់គ្រងនៃតំបន់រ៉ាមសារបឹងទន្លេឆ្មារ ដើម្បីគាំទ្រដល់ការគ្រប់គ្រង និងអភិរក្សអោយកាន់តែមានប្រសិទ្ធភាព។

កំណត់ត្រាអំពីវត្តមានខ្លាត្រីនេះនឹងគាំទ្រដល់ការវិនិច្ឆ័យក្នុងការបែងចែកតំបន់គ្រប់គ្រងអោយកាន់តែប្រសើរឡើង។ P / N