ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជា ប្រធានប្រតិភូកម្ពុជា បានថ្លែងថាៈ កម្ពុជាក្នុងគាំទ្រការអភិវឌ្ឍថាមពលកើតឡើងវិញហើយ ស្វាគមន៍និងអំពាវនាវឱ្យការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធ ក្នុងការគាំទ្រ បច្ចេកវិទ្យា និងហិរញ្ញវត្ថុ ចំពោះការអភិវឌ្ឍថាមពលកកើតឡើងវិញ និងលើកកម្ពស់ ប្រសិទ្ធភាពថាមពល ដែលគាំទ្រដល់ គោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព។

គួរបញ្ជាក់ថា ការថ្លែងពីសំណាក់លោក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បែបនេះ បានធ្វើឡើង ក្នុងពេលលោកបានថ្លែងសុន្ទរកថាស្វាគមន៍ ក្នុងកម្មវិធី «ដំណើរឆ្ពោះទៅ កាន់ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ នៅក្នុងវិស័យឧស្សាហកម្ម កាត់ដេរនៅកម្ពុជា» ដែលជាព្រឹត្តិការណ៍អមនៃកម្មវិធី «សប្តាហ៍អភិវឌ្ឍន៍បៃតងសកល» ដែលរៀបចំឡើងដោយ វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាល វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ។

កម្មវិធីនេះ មានការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ពីសំណាក់លោក បាន គីមូន ប្រធានវិទ្សាស្ថានអភិវឌ្ឍន៍បៃតង និងជាអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ អគ្គនាយករងវិទ្យាស្ថានអភិវឌ្ឍន៍បៃតង តំណាងប្រតិភូសហគមន៍អឺរ៉ុប ប្រចាំកម្ពុជា តំណាងក្រុមហ៊ុន H&M តំណាងរោងចក្រកាត់ដេរ និងភាគីពាក់ព័ន្ធ មួយចំនួនទៀត។

សូមបញ្ជក់ថា ប្រតិភូកម្ពុជាដែលដឹកនាំដោយលោក រដ្ឋលេខាធិការ រួមមាន លោក អគ្គនាយក និងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន សម្រាប់កម្មវិធីសប្តាហ៍អភិវឌ្ឍន៍បៃតងសកល ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២២ បន្ថែមលើព្រឹត្តិការណ៍អមខាងលើ ប្រតិភូកម្ពុជា នឹងចូលរួម កិច្ចប្រជុំចំនួន ៣ ទៀត រួមមានៈ ១.កិច្ចប្រជុំពេញអង្គលើកទី១១ និងកិច្ចប្រជុំ ក្រុមប្រឹក្សា លើកទី១៥ នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល, ២.កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី និង៣.កិច្ចប្រជុំ ទ្វេភាគី ជាមួយថ្នាក់ដឹកនាំវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល៕ V / N

ប្រភពរូប (​ ក្រសួងបរិស្ថាន )