ដោយៈ មេសា / ភ្នំពេញៈ បេក្ខជនឆ្នើម ក្នុងកម្មវិធីប្រកួតនិយាយសាធារណៈ វគ្គផ្ដាច់ព្រ័ត្រ ដែលរៀបចំឡើងដោយ ក្រសួងអប់រំ យុវជន និងកីឡា ធ្វើនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានសំណូមពរថាៈ « សូមរាជរដ្ឋាភិបាល ក៏ដូចជា ស្ថាប័នពាក់ព័ន្ធ មេត្តាហាមឃាត់ការផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង នៅក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែង ប្រកួតកីឡា ឱ្យបានឆាប់ តាមតែអាចធ្វើបាន ព្រោះការហាមឃាត់ការផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង ក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា បានអនុវត្តជោគជ័យ រួចមកហើយ នៅតាមបណ្ដាប្រទេសមួយចំនូន ដូចករណីប្រទេសបារាំង មិនអនុញ្ញាតឱ្យ គ្រឿងស្រវឹង ឧបត្ថម្ភព្រឹត្តិការណ៍កីឡាឡើយ ស្របពេលដែលប្រទេសថៃ អនុញ្ញាតឱ្យ ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង តែម៉ាក និងនិមិត្តសញ្ញា នៃគ្រឿងស្រវឹង តែប៉ុនណោះ នៅក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា » ។

បេក្ខជនឆ្នើមទាំងនោះ បានបន្តថាៈ ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា គឺជាវិធានការមានប្រសិទ្ធភាព ហើយស្របទៅនឹងអនុសាសន៍របស់ អង្គការសុខភាពពិភពលោក (WHO) ក្នុងការបង្ការកុមារ និងយុវជន ពីការទាក់ទាញ ឱ្យចាប់ផ្តើមសេពគ្រឿងស្រវឹង ឬសេពកាន់តែច្រើន តាមរយៈយុទ្ធសាស្ត្រដ៏សម្បូរបែប នៃការផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង។ ការផ្សាយពាណិជ្ជកម្ម តាមរយៈផ្ទាំងបដា ឬ អេក្រង់ LED ការដាក់ស្តង់ បង្ហាញម៉ាក ឬ ចែកសម្ភារមានម៉ាកគ្រឿងស្រវឹង ឧបត្ថម្ភកម្មវិធីកីឡា ការចែកគ្រឿងស្រវឹង ដោយឥតគិតលុយ ឬ ផ្ដល់រង្វាន់ផ្សេងៗ លេងល្បែងកម្សាន្តជាមួយភ្នាក់ងារគ្រឿងស្រវឹង និងការជួលតារាល្បីៗ ឱ្យផ្សព្វផ្សាយជាដើម តែងតែកើតមាន ក្នុងព្រឹត្តិការណ៍កីឡា និង ទីកន្លែងប្រកួតកីឡា។

ការផ្សាយពាណិជ្ជកម្មទាំងនេះ បានប៉ះពាល់ទៅដល់សិទ្ធិមូលដ្ឋានរបស់កុមារ រួមមាន សិទ្ធិទទួលបានព័ត៌មានត្រឹមត្រូវ សិទ្ធិទទួលបានសុខភាពល្អ និង សិទ្ធិរស់រានមានជីវិត និងការអភិវឌ្ឍជាដើម។ បេក្ខជនឆ្នើម ក៏បានលើកឡើងថាៈ ការផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង ក៏ប៉ះពាល់ផ្ទាល់ ទៅដល់អត្តពលិកផងដែរ ។ ការផ្សាយពាណិជ្ជកម្មនេះ បានជំរុញឱ្យអត្តពលិកសេពគ្រឿងស្រវឹង ដែលធ្វើឱ្យកុមារ និងយុវជនធ្វើត្រាប់តាម ។ មិនតែប៉ុណ្ណោះ អត្តពលិក ក៏ទទួលករងនូវផលអវិជ្ជមាន មួយចំនួនដូចជា ប្រតិកម្មយឺតយ៉ាវ នៅពេលលេងកីឡា ការវិនិច្ឆ័យ ថយចុះ ក្នុងការសម្រេចចិត្តណាមួយ និងលំនឹងរាងកាយ ចុះខ្សោយ នៅពេលប្រកួតកីឡា ។ ម្យ៉ាងវិញទៀត ការអនុញ្ញាតឱ្យមានការផ្សាយ និងប្រើប្រាស់គ្រឿងស្រវឹង ក្នុងព្រឹត្តិការណ៍កីឡា និង ទីកន្លែងប្រកួតកីឡា ដែលមានការ ចូលរួមដោយក្រុមក្មេងៗ និងយុវជនជួបជុំគ្នា មានហានិភ័យខ្ពស់ ក្នុងការបង្កគ្រោះថ្នាក់ ធ្ងន់ធ្ងរដោយសារការប្រើប្រាស់ គ្រឿងស្រវឹងជោកជាំ ឈានទៅប្ដូរអាកប្បកិរិយាឆេវឆាវ បង្កជាអំពើហិង្សា ការវាយតប់គ្នា ការរំខាន និងការបំផ្លិចបំផ្លាញ មុនពេលប្រកួត អំឡុងពេលប្រកួត និងក្រោយពេលប្រកួត ក៏ដូចជា គ្រោះថ្នាក់ចរាចរណ៍ ក្រោយត្រឡប់ មកផ្ទះវិញ ៕ V / N

រូបថត (ទិដ្ឋភាព នៃ ការប្រកួតនិយាយសាធារណៈវគ្គផ្ដាច់ព្រ័ត្រ ) រូបៈ CMH