ដោយ៖ មុនីរ័ត្ន / ភ្នំពេញៈ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំង កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ធ្វើការប្រឆាំងដាច់ខាត និងថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ ៣ ជំនាន់ ដែលបានផ្សាយនូវឃ្លីបវីដេអូ នាពេលថ្មីៗនេះ បន្តប្រមាថ យ៉ាងធ្ងន់ធ្ងរបំផុត ចំពោះអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ ប្រជារាស្ត្រខ្មែរ ហើយក៏ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ បំផុតលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ជាច្បាប់កំពូលរបស់ជាតិ ដែលបានចែងក្នុងមាត្រា៧ ថា “អង្គព្រះមហាក្សត្រ មិនអាចនរណា រំលោភបំពានបានឡើយ”។​ នេះបេីយោងតាមញ្ញត្តិ ថ្កោលទោស កាលពីថ្ងៃទី២៤​ ខែតុលា​ ឆ្នាំ២០២២។

ញ្ញត្តិ បន្តថាៈ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមប្ដេជ្ញាដាច់ខាតការពារ រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា និងសូមប្រកាសជាឱឡារិក គោរព និងដង្ហែតាមអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្តរ៍។

ជាថ្មីម្តងទៀត ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំង កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ​សូមស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាប់ខ្លួនភ្លាម ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ ៣ ជំនាន់ និងបក្ខពួក បើក្រុមនេះជាន់ដីកម្ពុជា និងស្នើឱ្យតុលាការ ចាត់វិធានការច្បាប់ ឱ្យបានធ្ងន់ធ្ងរបំផុត ចំពោះការប្រមាថ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈរបស់ប្រជារាស្ត្រខ្មែរ ដោយគ្មានការលើកលែងនោះឡើយ៕ V / N