ដោយៈ ភ្នំសន្ទុក / កំពង់ធំៈ នា​ព្រឹកថ្ងៃ​ទី​២​៥​ ​ខែ​តុលា​ ឆ្នាំ​២​០​២​២​ ​លោក​ឈុន​ឈន់​ប្រធានក្រុមប្រឹក្សា​ខេត្ត​និងលោក ងួន រតនៈ​​អភិបាលខេត្តកំពង់ធំ​បានអញ្ជើញជា​អធិបតី​ក្នុងវេទិកា​ផ្សព្វផ្សាយ​និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត​អាណត្តិទី​៣​​ ឆ្នាំ​២​០​២​២​ ​នៅ​ស្រុកកំពង់ស្វាយ​ក្នុងគោលបំណងលើកឡើង​នូវមតិយោបល់​សំណើ​​ សំណូមពរ​ ​និងអនុសាសន៍នានា​ សម្រាប់កែ​លម្អដល់ការអភិវឌ្ឍមូលដ្ឋាន​នៃ​ខេត្តកំពង់ធំ ឲ្យបាន​ផុលផុស​ជាពិសេសពង្រឹងយន្តការ​បង្កើនប្រសិទ្ធភាព​តម្លា​ភាព​និងគណនេយ្យភាព​ ​ជាមួយប្រជាពលរដ្ឋ ធ្វើ​យ៉ាងណា​ឲ្យការផ្តល់សេវា​សាធារណៈ ពីរដ្ឋបាលខេត្ត​រដ្ឋបាល​ក្រុង​រដ្ឋបាលស្រុកកំពង់ស្វាយ។

លោក ងួន រតនៈ បានមានប្រសាសន៍ថាៈ វេទិកា​ផ្សព្វផ្សាយ និងពិគ្រោះ​យោបល់​នា​ថ្ងៃនេះ​ យើងមានឱកាសជួបគ្នា​​ អង្គុយទល់មុខគ្នា ​រវាងប្រជាពលរដ្ឋ​ជាមួយថ្នាក់ ដឹកនាំខេត្ត​ស្រុក​ឃុំ​មន្ទីរ​អង្គភាព​តំណាងអង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការដោះស្រាយសំណើ សំណូមពរ​សេវា​ចាំបាច់​សេវា​តម្រូវការ​និងការដោះស្រាយ បញ្ហា​ប្រឈមនានា ដែលជា​យន្តការមួយបន្ថែមទៀត​ជា​កញ្ចក់ឆ្លុះបញ្ចាំង​ក្នុងការអនុវត្ត កម្មវិធីនយោបាយផ្សេងៗ​របស់រដ្ឋាភិបាល​ក្នុងការអភិវឌ្ឍ​នៅ​តាមមូលដ្ឋាន​ឲ្យបានល្អប្រសើរ​កាត់បន្ថយភាពក្រីក្រ​។

លើសពីនេះ​ទៀត លោកអភិបាលខេត្ត ចង់បានការផ្តល់ព័ត៌មានបន្ថែមទៀត​ពីប្រជាពលរដ្ឋ អំពីបញ្ហា​ដែលបានជួបប្រទះ ដើម្បីថ្នាក់ដឹកនាំ​ធ្វើការឆ្លើយតប​បកស្រាយ​ ​ជូនប្រជាពលរដ្ឋ​ឲ្យកាន់តែ​មានការជឿ​ទុកចិត្ត​បន្ថែមទៀត​។​

លោក ងួន រតនៈ បានបន្តថា​ៈ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ត្រូវពន្យល់ប្រជាពលរដ្ឋ ឲ្យ​យល់អំពីភាពយឺតយ៉ាវ​នៃ​ការអភិវឌ្ឍក្នុងមូលដ្ឋាន ភាពរាំងស្ទះ​ដោយសារជំងឺកូវីដ​​១​៩​ ​ត្រូវយកថវិកា​​សម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេស មកទិញវ៉ាក់សាំងការពារជំងឺកូវីដ​​១​៩​ ​ផ្តល់កម្មវិធីសាច់ប្រាក់​ជួយជីវភាពប្រជាពលរដ្ឋ​ទៅតាមទំហំគ្រួសារ ដែលមានជីវភាព​ខ្វះខាត គ្រួសារ​ក្រ​១​ ក្រ​២​ ដែលត្រូវចំណាយថវិកា​ យ៉ាងច្រើនសន្ធឹកសន្ធាប់​។​ ក្រៅពី នេះ​ប្រមុខរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងណាស់ មិនព្រងើយកន្តើយនោះ​ទេ​ក្នុងការ​ជួយអាយុជីវិតប្រជាពលរដ្ឋ​ដែលរងផលប៉ះពាល់​ដោយជំនន់ទឹកភ្លៀង ខូចខាតដំណាំ ស្រូវ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ត្រូវរួមគ្នា​ដោះស្រាយ​ឲ្យល្អបំផុត​ជូនប្រជាពលរដ្ឋ​ដើម្បីលើកក​ម្ពស់ជីវភាពរស់នៅ​របស់បងប្អូនប្រជាពលរដ្ឋ​នៅ​ក្នុងខេត្តកំពង់ធំ​ឲ្យកាន់តែ​ប្រសើរឡើង​ ៕ V / N