ដោយ៖ដេប៉ូ / ភ្នំពេញ៖ មន្រ្តីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានឱ្យដឹងថាៈ ក្នុងដំណើការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ដែលបានប្រព្រឹត្តទៅរយ:ពេល ២ថ្ងៃ ពោលគឺ ចាប់ពីថ្ងៃទី ២៤-២៥ តុលា ២០២២ បានបញ្ចប់ទៅដោយរលូនល្អតាមការគ្រោងទុក “។

ដោយថ្លែងប្រាប់រស្មីកម្ពុជា ឱ្យដឹងនាល្ងាចថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ នេះ លោក រស់ សុវាចា បានឱ្យដឹងថាៈ ”ក្នុងការដំណើរការប្រឡងឌីប្លូម ២ថ្ងៃនេះ បានដំណើរការរលូនល្អ ក្នុងនេះក្រោមកិច្ចសហការពីគណ:គ្រប់គ្រងមណ្ឌលប្រឡង, បេក្ខជនប្រឡង, និងគ្រប់ភាគីពាក់ព័ន្ធ។ បេក្ខជនមួយចំនួនតូច អវត្តមាន ដូចឆ្នាំកន្លងមកដែរ។ ជារួម មិនមានព្រឹត្តិការណ៍អ្វីគួរឱ្យកត់សម្គាល់ទេ”។

លោកបានឱ្យដឹងផងថាៈ “ក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណ ជូនចំពោះបុគ្គលិកមន្ទីរអប់រំ យុវជន និងកីឡា, គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមរៀបចំដំណើរការប្រឡងឌីប្លូម ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ អនុវត្តនីតិវិធីប្រឡង និងវិធានការសុវត្ថិភាពសុខភាព។ ក្រសួងអប់រំ យុវជន និងកីឡា សូមអរគុណបេក្ខជនប្រឡងទាំងអស់ ដែលបានអនុវត្តន៍គោលការណ៍ប្រឡង, គោរពច្បាប់ចរាចរណ៍ ពេលធ្វើដំណើរទៅមក, និងអនុវត្តន៍វិធានសុខាភិបាល បានខ្ជាប់ខ្ជួន”។

គួរបញ្ជាក់ថា បើតាមក្រសួងអប់រំ យុវជន និងកីឡា ឱ្យដឹងកន្លងមក បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬហៅ ឌីប្លូម សម័យប្រឡង ២៤ តុលា ២០២២ មានចំនួនសរុប ១៧៤.៧២៦ នាក់ ស្រី ៩៥.១២៧ នាក់។ ចំពោះសិស្សចំណេះទូទៅ ១៧៣. ៤៦៦ នាក់ ស្រី ៩៤.៨៧៦ នាក់, ស្វៃរិន ១៣៦នាក់ ស្រី ៤៥នាក់, បំពេញវិជ្ជា ១.០៧៦ នាក់ ស្រី ១៩២នាក់, គថ្លង់ ២៩ នាក់ ស្រី ៩ នាក់, ពិការភ្នែក ១៩ នាក់ ស្រី ៥ នាក់ ដែលមានមណ្ឌលសរុប ១.៧២៣ បន្ទប់សរុប ៧.៨១៦ ។

សូមបញ្ជាក់ថា ការប្រកាសលទ្ធផលប្រឡងឌីប្លូម នឹងត្រូវធ្វើឡើង នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ៕ V / N