​ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អិន​អិច​ស្ព្រេ​ស​)៖ បុរស​វៀតណាម​អាយុ​៥០​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត​ក្រោយ​សម្លាប់​ឆ្កែ​ពីរ​ក្បាល​ធ្វើ​ម្ហូប​ស៊ី​បាន​ពីរ​ខែ​។​

​បុរស​រស់នៅ​ក្រុង​ហាណូយ​រូបនេះ​បាន​ឈឺក្បាល ក្តៅខ្លួន​និង​ឈឺ​សាច់ដុំ ព្រមទាំង​ពិបាក​ដកដង្ហើម ហើយ​ខ្លាច​ទឹក ពន្លឺ​និង​ខ្យល់​កាលពី​ថ្ងៃ​១៦​តុលា នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​នាយដ្ឋាន​សុខាភិបាល​ក្រុង​​ហាណូយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៥​តុលា​។​

​នៅ​ពីរ​ថ្ងៃ​ក្រោយមក គ្រួសារ​បាន​នាំ​គាត់​ទៅកាន់​ពេទ្យ​ស្រុក​ដែល​ពិនិត្យឃើញ​ថា​គាត់​ផ្តាសាយ​តែ​ក្នុងអំឡុងពេល​ព្យាបាល​គាត់​បង្ហាញ​ការភ័យខ្លាច​និង​និយាយ​ផ្តេសផ្តាស​។​នៅ​ថ្ងៃ​១៩​តុលា អ្នកជំងឺ​ត្រូវបាន​​បញ្ជូន​ទៅ​កាន់​ពេទ្យ​ធំ​ហើយ​ពួក​វេជ្ជបណ្ឌិត​សង្ស័យថា​ឆ្លង​រោគ​ឆ្កែឆ្កួតដោយសារ​គាត់​ញ័រទទ្រើ​ក ក្អួត បេះដូង​លោត​ខុស​ធម្មតា​និង​កន្ត្រាក់ៗ​។​ក្រោយ​បញ្ជូន​សំណាក​ទៅកាន់​វិទ្យាស្ថាន​រោគ​ឆ្លង​និង​អនាម័យ​​ជាតិ លទ្ធផល​បង្ហាញ​ថា​អ្នកជំងឺ​កើតរោគ​ឆ្កែ​ឆ្កួត​។​

​អ្នកជំងឺ​បាន​ស្លាប់​នៅ​ថ្ងៃ​ដែល​ត្រូវបាន​បញ្ជូន​ទៅ​កាន់​ពេទ្យ​ធំ បាច​ម៉ា​យ​(Bach Mai)​។​

​ការស៊ើបអង្កេត​មួយ​បានបង្ហាញ​ថា កាលពី​ពីរ​ខែ​មុន ជនរងគ្រោះ​បាន​ចូលរួម​ជា​អ្នក​អ្នក​ជិតខាង​ក្នុង​ការសម្លាប់​ឆ្កែ​ពី​ក្បាល​ធ្វើ​ម្ហូប​ស៊ី​។​តែ​គេ​មិនដឹងថា​តើ​អ្នកជំងឺ​នេះ​ត្រូវបាន​ឆ្កែ​ខាំ​ដែរ​ឬ​អត់​ឬក៏​របួស​​ពេល​សម្លាប់​ឆ្កែ​។​ទាំង​ឆ្កែ​និង​អ្នកជំងឺ​មិន​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ឆ្កែឆ្កួត​ទេ​។​

​សូមបញ្ជាក់ថា​នៅ​ប្រាំបួន​ខែ​ដើមឆ្នាំ​នេះ វៀតណាម​មាន​អ្នកស្លាប់​ដោយ​រោគ​ឆ្កែ​ឆ្កួត​៤០​នាក់ ដោយ​កើន​លើស​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ពីរ​ករណី​។​

​ជំងឺ​ឆ្កែឆ្គួត​ភាគច្រើនឆ្លង​តាម​ការខាំ ឬ​ការខ្វាច និង​សូម្បីតែ​កា​រលិឌ​ពី​សត្វ​មាន​មេរោគ​ឆ្កែ​ឆ្កួត​។​ជំងឺ​នេះ​អាច​បង្ការ​បាន​ដោយ​ការចាក់​វ៉ាក់សាំង​ឆ្កែ​ឆ្កួតឬ សេរ៉ូម​ប្រឆាំង​ឆ្កែ​ឆ្កួត​៕

​ឆ្កែ​ត្រូវ​ចាប់​បញ្ចូល​ទ្រុង​នៅ​ក្រុង​ហាណូយ