​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ជីដូន​ម្នាក់​ត្រូវ​ពស់ថ្លាន់​ប្រវែង​២២​ហ្វីត (៦,៧ ម៉ែត្រ​) លេប​ទាំង​រស់​ក្នុងប្រទេស​ឥណ្ឌូនេស៊ី បន្ទាប់​ពី​ចូល​ព្រៃ​ដើម្បី​ប្រមូល​ផល​កៅស៊ូ​។​

​ស្ត្រី​ឈ្មោះ ចា​រ៉ា (Jahrah)​អាយុ ៥៤ ឆ្នាំ​បាន​បាត់​ខ្លួន​កាលពី​យប់​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នៅក្នុង​ព្រៃ​ក្បែរ​ផ្ទះ​គ្រួសារ​របស់​លោកស្រី​ក្នុង​ខេត្ត​ចាម​ប៊ី (Jambi) នៅលើ​កោះ​ស៊ូ​ម៉ា​ត្រា​ភាគ​ខាងលិច​។​

​អ្នកស្រុក​បាន​បញ្ជូន​ក្រុម​ស្វែងរក ហើយ​ពីរ​ថ្ងៃ​ក្រោយមក​បាន​រកឃើញ​ពស់​ដ៏​ធំ​មួយ​នៅក្នុង​ព្រៃ កំពុង​ជម្រុះ​កាកសំណល់​ចេញពី​ក្រពះ​របស់​វា​ហើយ​នៅ​ពេល​ពួកគេ​វះ​ពោះ​របស់​វា​ក៏​ឃើញ​សាកសព​​របស់​លោកស្រី​នៅ​ខាងក្នុង​។​

​លោក​អាន​តូ (Anto) ជា​មេ​ភូមិ​របស់​លោកស្រី​ចា​រ៉ា បាន​និយាយថា ពស់ថ្លាន់​ទំនង​ជា​សម្លាប់​គាត់​ដោយ​ប្រើ​ដងខ្លួន​រឹត​ឱ្យ​ថប់ដង្ហើម​។​

​លោក​អាន​តូ​បាន​បន្ថែមថា លោកយាយ​ទំនងជា​បាន​ស្លាប់​ក្នុងស្ថានភាព​ឈឺ​ចុកចាប់​ខ្លោចផ្សា ដែល​អាច​ចំណាយ​ពេល​ពីរ​ម៉ោង​ទើប​ចប់​។​

​ពស់​ទំនងជា​ប្រើ​ចង្កូម​របស់​វា​ជា​ដំបូង ដែល​ព័ទ្ធ​ទៅ​ក្រោយ​ដើម្បី​រឹត​ខ្លួន​លោកស្រី​ចា​រ៉ា​នៅ​នឹង​មួយកន្លែង​។​

​បន្ទាប់មក វា​រុំ​ជុំវិញ​ខ្លួន​គាត់​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើទៅបាន​ដោយ​ប្រើ​ដងខ្លួន​ដ៏​មាន​ឥទ្ធិពល​របស់​វា ហើយ​បាន​រឹត​គាត់​បន្តិច​ម្តងៗ រហូត​ដល់​គាត់​ដាច់ខ្យល់ ទើប​លេប​ចូល​ក្នុង​ពោះ​ទាំងមូល​៕

សព​លោក​ស្រី​ចា​រ៉ា​ត្រូវបាន​រកឃើញ​ក្នុងព្រៃ​ក្បែរ​ផ្ទះ​របស់​គាត់​កាលពី​ថ្ងៃអាទិត្យ