ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងារយុវជនគណបក្ស ក្រសួងផែនការ បានប្រកាសថ្កោលទោស ដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថ យ៉ាងធ្ងន់ធ្ងរបំផុត លើព្រះចេស្តា ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជារាស្ត្រខ្មែរទូទាំងនគរ ដោយជនក្បត់ជាតិ សម រង្ស៊ី ចោទប្រកាន់ថា “ ព្រះមហាក្សត្រ ជាជនក្បត់ជាតិ”។ នេះបើយោងតាម សេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

ក្រុមការងារយុវជនគណបក្ស ក្រសួងផែនការបានបន្តថាៈ ជនក្បត់ជាតិតជំនាន់នេះ បានហៅព្រះនាមព្រះមហាក្សត្រ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ចំៗឈ្មោះ យ៉ាងដាច់សាច់ និងបាននិយាយពេញៗមាត់ថាៈ “ស្ដេចស្រុកខ្មែរគ្មានមនសិការជាតិ សូម្បីតែបន្តិច, បន្ទាប់ពី ហ៊ុន សែន ស្ដេចស្រុកខ្មែរ ក្បត់ជាតិ” ហើយ ថែមទាំងបានចោទប្រកាន់ ព្រះមហាក្សត្រថា ”ជាជនក្បត់ជាតិ”។ នេះជាពាក្យសំដី ដែលប្រជារាស្ត្រខ្មែរយើង គ្រប់ទិសទី ទាំងក្នុងប្រទេស ទាំងនៅក្រៅប្រទេស មិនអាចទទួល យកបាន និងមិនអាចអត់ឱនឱ្យបានជាដាច់ខាត។

ក្នុងនាមប្រជាពលរដ្ឋខ្មែរ ពិតជាមិនអាចទទួល យកបាន ជាដាច់ខាត ចំពោះការប្រមាថម្តង ហើយម្ដងទៀត របស់ជនក្បត់ជាតិរូបនេះ ទៅលើអង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ ប្រជារាស្ត្រខ្មែរ និងសូមប្រកាសថ្កោលទោស យ៉ាងដាច់ អហង្ការបំផុត ព្រមទាំងអំពាវនាវ ដល់អាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការច្បាប់ ឱ្យបានម៉ឺងម៉ាត់ ជាទីបំផុត ទៅលើជនក្បត់ជាតិ ៣ ជំនាន់ និងបក្ខពួក មិនអាចលើកលែងបានឡើយ។ យើងខ្ញុំជាប្រជារាស្ត្រខ្មែរ សូមប្រកាសជាឱឡារិក គាំទ្រ គោរព និងដង្ហែតាមអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជានិច្ច ពីព្រោះព្រះអង្គ គឺជាឥស្សរជនស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត នៃយើងខ្ញុំ ដែលជាប្រជារាស្ត្រខ្មែរ។

ក្រុមការងារយុវជនគណបក្ស ក្រសួងផែនការបានប្រកាសគាំទ្រ យ៉ាងពេញទំហឹង ចំពោះយុទ្ធនាការ ដែលប្រកាសដោយ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការ កម្ចាត់ចោល នយោបាយជ្រុលនិយម របស់ជនក្បត់ជាតិ ៣ ជំនាន់ ឱ្យអស់ពីកម្ពុជា ដើម្បីរក្សា សន្តិភាព ស្ថិរភាព សង្គម និងសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ៕/V

ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី