ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឱ្យអាជ្ញាធរខណ្ឌ ទាំង១៤ និងកម្លាំងមានសមត្ថកិច្ច ក្នុងជួរគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងម៉ឺងម៉ាត់ លើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ ហើយក៏ដើម្បីជាការលើកកំពស់ សោភ័ណភាព រាជធានីភ្នំពេញ ឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញ។

លោក ឃួង ស្រេង បានដាក់វិធានការបែបនេះ នារសៀលថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ វឌ្ឍនភាពការងារ រៀបចំសណ្តាប់ធ្នាប់សាធារណៈ តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវ សាធារណៈទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថាៈ ការងាររៀបចំ សណ្តាប់ធ្នាប់សាធារណៈ តាមដងផ្លូវនេះ ត្រូវបានធ្វើឡើង ជាប្រចាំ ដើម្បីសម្រួល ដល់ការធ្វើចរាចរ ជូនប្រជាពលរដ្ឋ និងដើម្បីលើកកំពស់ សោភ័ណភាពរាជធានីភ្នំពេញ ស្របពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ។

លោក ឃួង ស្រេង បានបន្តទៀតថាៈ កំណាត់ ផ្លូវជាតិ មួយចំនួន នៅជាយក្រុង ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ត្រូវបានរថយន្តកុងតឺន័រ ចតលើទ្រូងផ្លូវ រាប់រយគ្រឿង បណ្តាលឱ្យមានការកក ស្ទះចរាចរណ៍ និងខូចផ្លូវថែមទៀត។ ការចតបែបអនាធិបតេយ្យនេះ មិនអាចទទួលយកបានទេ ក្នុងនាមអាជ្ញាធររាជធានី ជាអាណា ព្យាបាល ប្រជាពលរដ្ឋ ត្រូវតែដោះស្រាយ ដើម្បីសម្រួលចរាចរ ជូនប្រពលរដ្ឋ ។ បញ្ជានេះអាជ្ញាធរខណ្ឌ និងស្នងការរងទទួលបន្ទុក ត្រូវមានវិធានការដោះស្រាយ មិនអាចនៅបែបនេះទៀតទេ។

លោក ឃួង ស្រេង បានបន្តថាៈ បញ្ហាសណ្តាប់សាធារណៈនេះ ត្រូវតែម៉ឺងម៉ាត់ ដើម្បីបំរើផល ប្រយោជន៍ ប្រជាជនភាគច្រើន មិនអាចឱ្យពួកគាត់រកស៊ី ដោយការរំលោភយកទ្រូងផ្លូវ និងចិញ្ចើមផ្លូវនោះទេ។

បន្ថែមពីនេះទៀត លោក ឃួង ស្រេង បានស្នើឱ្យអាជ្ញាធរខណ្ឌ ទាំង១៤ ក៏ដូចជា ប៉ូលិសចរាចរណ៍ និងមន្ទីរពាក់ព័ន្ធ ត្រូវរួមគ្នាមើលផ្លូវ មើលភាពកកស្ទះ ហើយស្នើមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយ ទាំងការកែសម្រួលផ្លូវ ក៏ដូចជា ការស្នើសុំធ្វើស្ពានអាកាស ដើម្បីសម្រួលចរាចរណ៍ជាដើម៕/V