ដោយៈ តារារិទ្ធ/ កំពង់ឆ្នាំងៈ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែតុលានេះ បានអញ្ជើញចែកស្រូវពូជ ស្បៀងអាហារ និងថវិកា ជូនប្រជាកសិករ ចំនួន ៣.៤៦០ គ្រួសារ ដែលរងគ្រោះ ដោយទឹកជំនន់ នៅក្នុងខេត្តកំពង់ឆ្នាំង។

គ្រួសារនីមួយៗ នឹងទទួលបានស្រូវពូជ ទម្ងន់ ១០០ គីឡូក្រាម, អង្ករ ៥០ គីឡូក្រាម, មីមួយកេសធំ ស្មើនឹង ៦ កេសតូច, ត្រីខមួយកេសធំស្មើនឹង ១០០ កំប៉ុង និងថវិកា ២០ ម៉ឺនរៀល។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាៈ គ្រោះទឹកជំនន់ពីទន្លេ បណ្ដាលឱ្យប៉ះពាល់ដល់ដំណាំស្រូវ របស់ប្រជាពលរដ្ឋមានចំនួន៥ ស្រុក រួមមាន ស្រុកបរិបូណ៌ ស្រុកជលគីរី ស្រុកកំពង់លែង ស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ។ ប៉ះពាល់ប្រជាកសិករចំនួន ៣.៤៦០ គ្រួសារ បង្កឱ្យខូចខាតដំណាំ ស្រូវ លើផ្ទៃដីសរុបចំនួន ២.៦១០ ហិកតា ស្មើនឹង ១,៨០ ភាគរយ នៃផ្ទៃដីដាំដុះដំណាំ ស្រូវ សរុបទូទាំងខេត្ត ។ តែទោះជាយ៉ាងណាផ្ទៃដីខូចខាតទាំងនោះ អាចស្តារឡើងវិញបានទាំងអស់។ ទឹកជំនន់នេះ បង្កឱ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ សរុបចំនួន ៦ ក្រុង/ស្រុក ២៩ ឃុំ សង្កាត់ ៩៧ ភូមិ ស្មើនឹង ១១.៤៧៩ គ្រួសារ ក្នុងនោះមាន ៧៩៤ គ្រួសារ បានជម្លៀសទៅផ្ទះសាច់ញាតិ និងទីទួលសុវត្ថិភាពនៅក្នុងហេតុការណ៍នេះ មិនមានរងគ្រោះថ្នាក់ ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។

លោក ស៊ុន សុវណ្ណារិទ្ធិ បានឲ្យដឹងផងដែរថាៈរដ្ឋបាលខេត្ត បានផ្ដល់អំណោយជាស្បៀង អាហារ ជាព្រះរាជអំណោយព្រះមហាក្សត្រ និងអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសប្បុរសជននានា ជូនប្រជាពលរដ្ឋរងគ្រោះ បានចំនួន ៤.៥៨៤ គ្រួសារ។

បេសកកម្មចែកស្រូវពូជ ជូនកសិករ មិនបញ្ចប់ត្រឹមខេត្តកំពង់ឆ្នាំង នោះឡើយ សម្តេចតេជោហ៊ុន សែន នឹងបន្តអញ្ជើញចែកស្រូវពូជ ជូនកសិករ នៅខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែតុលា ហើយនៅខេត្តព្រៃវែង នាថ្ងៃទី៣០ ខែតុលា ចុងសប្តាហ៍នេះ៕/V