ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ គុនល្បុក្កតោពេលនេះ កំពុងតែមានសកម្មភាពខ្លាំង នៅក្នុងជួរកងទ័ព បន្ទាប់ពីក្បាច់គុន ដូនតាមួយនេះ ត្រូវបានបញ្ជ្រាបទៅក្នុង ស្ថាប័នប្រដាប់អាវុធមួយនេះមក។

សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានបង្ហាញក្តីសោមនស្សរីករាយ ក្នុងការចូលរួមចំណែក ក្នុងការអភិវឌ្ឍ វិស័យការពារជាតិ ផ្នែកក្បាច់គុនដោយបានចូលរួម ក្នុងការដំណើរការរៀបចំ ចងក្រងឯកសារ សៀវភៅក្បាច់គុន កងយោធ ពលខេមរភូមិន្ទ និងបានរៀបចំជាឯកសារវីឌីអូសម្រាប់បង្កភាពងាយស្រួល ក្នុងការផ្ទេរនូវជំនាញក្បាច់គុន ក្នុងជួរកងកម្លាំងប្រដាប់អាវុធនិងបណ្តុះបណ្តាល យោធាចារ្យក្បាច់គុន សម្រាប់បំពេញតម្រូវការ របស់អង្គភាពកងកម្លាំងនានា។

យុទ្ធសាស្ត្រដ៏ធំរបស់ខ្លួន ក្នុងគោលដៅចម្បងៗចំនួនពីរៈ ទី១- គឺជំរុញបន្ថែម ឱ្យក្បាច់គុនព្រលឹងជាតិមួយនេះ ទទួលបានជោគជ័យ នៃការដាក់បញ្ជូលជា សម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិ ដែលបានដាក់ការស្នើសុំរួចហើយនៅអង្គការយូណេស្កូ។ ទី២-ការបញ្ជ្របក្បាច់គុននេះ គឺជាយុទ្ធសាស្ត្រចម្បង ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រកបដោយភាពជឿជាក់ និងក្តីសង្ឃឹមបំផុត ដោយក្រុមទី១ គឺរំពឹងលើក្រុមកីឡាករ កីឡាការិនីជម្រើសជាតិនិងក្រុមទី២ រំពឹងលើក្រុមយោធា ដែលអាចជាកីឡាករ មានទេពកោសល្យ ត្រៀមចូលរួមប្រកួតស៊ីហ្គេមបាន តាមរយៈការប្រកួតជម្រុះជាដើម។

សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងកងយោធពលខេមរភូមិន្ទ បានធ្វើកិច្ចសហការគ្នា ជាច្រើនឆ្នាំមកហើយ ដើម្បីបញ្រ្ជាបគុនល្បុក្កតោ ដែលជាក្បាច់គុនអត្តសញ្ញាណជាតិ ព្រលឹងជាតិខ្មែរ ឱ្យទៅជាក្បាច់គុនកងទ័ពក្នុងពេលដំណាលគ្នានេះដែរ ក៏កំពុងខិតខំអភិវឌ្ឍន៍ វិស័យកីឡាគុនល្បុក្កតោ ទៅកាន់ ស្រទាប់កុមារ យុវជន និងមហាជននានា។ ពេលនេះ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាកំពុងខិតខំបញ្ជ្រាបការហ្វឹកហាត់ ការបណ្តុះបណ្តាល ឲ្យកាន់តែសម្បូរបែប ដើម្បីឲ្យសហព័ន្ធ មានជម្រើសកាន់តែច្រើន ក្នុងការជ្រើសរើសអត្តពលិក ប្រកបដោយសក្តានុពលដណ្តើមបាននូវ ភាពជោគជ័យ ជាប្រវត្តិសាស្ត្រក្នុងឋានៈជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខនេះ យ៉ាងហោច ណាស់ ក៏មានប្រទេសពី ៧ ទៅ ៨ ដែរ ដែល បានសន្យាថា នឹងចូលរួមប្រកួតល្បុក្កតោ ហើយជាមួយគ្នានេះ សហព័ន្ធ ក៏បានបញ្ជូនគ្រូទៅជួយបង្ហាត់ នៅតាមបណ្ដាប្រទេសអាស៊ាន ដែលបានសន្យាថា នឹងចូលរួមប្រកួតគុនល្បុក្កតោ នាស៊ីហ្គេម ឆ្នាំ២០២៣។ បទបញ្ជា ការប្រកួតកីឡាគុនល្បុក្កតោ បានកែសម្រួលនេះ ក្នុងគោលបំណង ដើម្បីឲ្យ ក្បាច់គុនព្រលឹងជាតិខ្មែរមួយនេះ កាន់តែប្រសើរ សម្រាប់ការប្រកួត នៅក្នុងកម្រិតថ្នាក់ជាតិរបស់ខ្លួន ក៏ដូចជា គោលដៅធ្វើឱ្យមានស្តង់ដារ ជារួមមួយ លើឆាកអន្តរជាតិ ជាពិសេស គឺសម្រាប់ដំណើរឆ្ពោះ ទៅទទួល រៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ភាពយន្តឯកសារ «ការរស់ឡើងវិញ នៃក្បាច់គុនល្បុក្កតោ» (SURVIVING BOKATOR ) ដែលផលិតដោយជនជាតិកាណាដា លោក Mark Bochsler និងលោកស្រី Sandra Leuba នេះ បានទទួលបានជ័យជម្នះ ក្នុងព្រឹត្តិការណ៍ដ៏ល្បីឈ្មោះលំដាប់ពិភពលោក World FICT Challenge ( World Championship of Cinema and Television in sports culture ) នៅក្នុងមហោស្រពភាពយន្ត មីឡាណូអន្តរជាតិ លើកទី៣៨ ដែលទទួលស្គាល់ជាផ្លូវការ ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដោយ Surviving Bokator ទទួលបានពាន HONOURARY MENTION ក្នុងវិស័យកីឡា និងសង្គម៕/V