ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អតីតតំណាងរាស្ត្រ បេក្ខជនតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ និងជាអតីតថ្នាក់ដឹកនាំ គណបក្សខ្មែរស្រឡាញ់ជាតិ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស និងប្រឆាំងដាច់ខាត ចំពោះបុគ្គល សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមិនអាចលើកលែងតទៅទៀត បានឡើយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ។

អតីតតំណាងរាស្ត្រ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអតីតថ្នាក់ដឹកនាំ គណបក្សខ្មែរស្រឡាញ់ជាតិ មានដូចជា លោក ជីវ កត្តា លោក កង គឹមហាក់ លោក ខឺយ ស៊ីនឿន និងលោក ខៃ រដ្ឋា ។

នៅក្នុងសេចក្តីថ្លែងការណ៍ បានឲ្យដឹងថាៈ “យើងខ្ញុំជាតំណាងរាស្ត្រ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអតីតថ្នាក់ដឹកនាំ គណបក្សខ្មែរស្រឡាញ់ជាតិ សោកស្តាយចំពោះបុគ្គល សម រង្ស៊ី ដែលតែងតែបានប្រមាថ និងប្រមាថសារជាថ្មី ដល់អង្គព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជានុរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ការថ្លែងការណ៍ ចោទអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈនៃយើងថា “ព្រះមហាក្សត្រ ជាជនក្បត់ជាតិ របស់បុគ្គល សម រង្ស៊ី គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ សារជាថ្មីម្តងទៀត ដែលមិនអាចលើកលែងតទៅទៀត បានឡើយ ដោយរំលោភទៅលើមាត្រា ៧ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណា ចក្រកម្ពុជា ដែលចែងថា “… អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ”។

សេចក្តីថ្លែងការណ៍ បានបន្តថាៈ “ក្នុងនាមយើងខ្ញុំ ជាអតីតអ្នកតំណាងរាស្ត្រ និងបេក្ខជនតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ដែលធ្លាប់ជាសហការីបុគ្គល សម រង្ស៊ី ថ្កោលទោស និងប្រឆាំងដាច់ខាត ចំពោះការប្រមាថ យ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។

ជាមួយគ្នានេះ អតីតតំណាងរាស្ត្រ បេក្ខជនតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ និងជាអតីតថ្នាក់ដឹកនាំ គណបក្សខ្មែរស្រឡាញ់ជាតិ បានអំពាវនាវដល់បងប្អូន ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស ដែលកំពុងត្រូវបានតុលាការចោទប្រកាន់ ដោយសារការគាំទ្រទង្វើខុសច្បាប់របស់បុគ្គល សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំង ទាល់ច្រក អស់ផ្លូវ និងសូមអំពាវនាវដល់ថា្នក់ដឹកនាំគ្រប់ជាន់ថ្នាក់ សកម្មជនគណបក្សប្រឆាំង នៅក្នុងស្រុក សូមចូលរួម ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា តាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សកម្ពុជា ដើម្បីចូលរួមធានា ការពាររាជានិយម រាជបល្ល័ង្ក ការពារព្រះមហាក្សត្រ ឯកភាព សន្តិភាព នៃទឹកដីដ៏បរវរបស់យើង៕/V