ដោយៈតារារិទ្ធ/កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី២៦ខែខែតុលានេះសម្ដេចតេជោហ៊ុនសែនបានស្នើឱ្យមេដឹកនាំគណបក្សភ្លើងទៀន ចេញមកបញ្ជាក់ឱ្យបានច្បាស់ ពាក់ព័ន្ធការនិយាយរបស់ សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រនេះ ថាតើជាការក្បត់ជាតិដែរឬទេ ?។

មេដឹកនាំរបស់គណបក្សភ្លើងទៀនគឺមាន លោក ទាវ វណ្ណណុល ,លោក ថាច់ សេដ្ឋា និង លោក ស៊ុន ឆ័យ ។

សម្តេចតេជោបានបញ្ជាក់ថាការចង់ឱ្យមេដឹកនាំគណបក្សនេះចេញមកបកស្រាយឱ្យច្បាស់ព្រោះគណបក្សនេះបង្កើតឡើង ដោយជនក្បត់ជាតិ សម រង្ស៊ី ។សម្តេចតេជោបានសង្កត់ថារឿងនេះមិនមែនជារឿងធម្មតានិងសាមញ្ញពេកទេវាជាការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល និង របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ។ ច្បាប់ក៏បានចែងមិនឱ្យប៉ះពាល់ព្រះ មហាក្សត្រ ។

សម្តេចបន្តថាយើងចង់ឱ្យមានការបញ្ជាក់ឱ្យបានច្បាស់ថាតើការប្រមាថព្រះមហាក្សត្របែបនេះត្រឹមត្រូវឬទេ?។សង្ឃឹមថាមេដឹកនាំនៃគណបក្សភ្លើងទៀននឹងចេញមកបញ្ជាក់ជូនជនរួមជាតិឱ្យបានទូលំទូលាយហើយសមាជិកសមាជិកានៃគណបក្សភ្លើងទៀនទាំងឡាយសូមចាំពិនិត្យមើលតើមេដឹកនាំគណបក្សនេះចេញមកអះអាងអំពីបញ្ហាទាក់ទិននឹងការប្រមាថព្រះមហាក្សត្រដែរឬទេ ? ។វាមិនមែនជារឿងលេងសើចដែរ ត្រូវបញ្ជាក់ឱ្យលឿនបំផុតដែលអាចធ្វើទៅបាន ដើម្បីជៀសវាងបញ្ហាមួយណាមួយកើតឡើង៕សរន