​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កិច្ចចរចា​សន្តិភាព​ជា​ផ្លូវការ​លើកដំបូង​រវាង​ភាគី​ជម្លោះ​ក្នុង​ជម្លោះ​រយៈពេល​ពីរ​ឆ្នាំ​ដ៏​ឃោរឃៅ​នៅ​ក្នុង​តំបន់​ថា​យ​ហ្គ្រេ (Tigray) របស់​អេត្យូ​ពី​បាន​បើក​ធ្វើ​នៅ​​អាហ្វ្រិក​ខាងត្បូង​កាលពី​ថ្ងៃ​អង្គារ​ទី​២៥​តុលា​។​

​ដឹកនាំ​ដោយ​សហភាព​អាហ្វ្រិក (AU)​ការចរចា​នៅ​ទីក្រុង​ព្រីតូ​រី​យ៉ា (Pretoria) ធ្វើឡើង​បន្ទាប់​ពី​ការកើនឡើង​យ៉ាង​ខ្លាំងក្លា​នៃ​ការប្រយុទ្ធ​គ្នា​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ដែល​បាន​ធ្វើឱ្យ​សហគមន៍​​អន្តរជាតិ​ព្រួយបារម្ភ និង​បង្ក​ឱ្យមាន​ការភ័យខ្លាច​ដល់​ជន​ស៊ីវិល​ដែល​ជាប់​នៅក្នុង​ការបាញ់​គ្នា​នេះ​។​

​លោក វីន​សិន ម៉ា​កវិន​យ៉ា (Vincent Magwenya)​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​”​ពួកគេ​ត្រូវបាន​កោះប្រជុំ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិ​​វិធី​និង​មាន​និរន្តរភាព​ចំពោះ​ជម្លោះ​ដ៏​សាហាវ​នេះ​” ដោយ​បន្ថែម​ថា កិច្ច​ចរចា​អាច​បន្តធ្វើ​រហូតដល់​ថ្ងៃទី​៣០​តុលា​។​

​លោក​បាន​និយាយថា អាហ្វ្រិក​ខាងត្បូង​សង្ឃឹមថា “​កិច្ចចរចា​នឹង​ដំណើរការ​ប្រកបដោយ​ការស្ថាបនា​និង​ទទួលបាន​លទ្ធផល​ជោគជ័យ​ដែល​នាំទៅរក​សន្តិភាព​សម្រាប់​ប្រជាជន​ទាំងអស់​នៃ​ប្រទេស​ជា​បង​​ប្អូន​ជាទី​ស្រឡាញ់រ​បស់​យើង​”​។​

​ការសន្ទនា​រវាង​អ្នកចរចា​មកពី​រដ្ឋាភិបាល​អេត្យូ​ពី​របស់​នាយក​រដ្ឋមន្ត្រី អាប៊ី អា​ម៉េត (Abiy Ahmed) និង​អាជ្ញាធរ​នៅក្នុង​តំបន់​ថា​យ​ហ្គ្រេ ដែល​ញាំញី​ដោយ​សង្គ្រាម​ត្រូវ​បាន​ចាប់ផ្តើម​ជិត​ពីរ​ខែ​រហូត​​មកទល់​នឹង​ថ្ងៃនេះ ចាប់តាំងពី​ការប្រយុទ្ធ​គ្នា​បាន​ចាប់ផ្តើម​ឡើង​វិញ ដោយ​បំផ្លាញ​នូវ​បទ​ឈប់​បាញ់​រយៈពេល​ប្រាំ​ខែ​។​

​សហគមន៍​អន្តរជាតិ​បាន​កំពុង​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ជាបន្ទាន់ សិទ្ធិ​បញ្ជូន​ជំនួយ​មនុស្សធម៌​ចូល​ទៅ​កាន់​តំបន់​ថា​យ​ហ្គ្រេ កន្លែង​ដែល​មនុស្ស​ជាច្រើន​ប្រឈម​នឹង​ភាពអត់ឃ្លាន និង​ការដកចេញ​​នូវ​កងកម្លាំង​ប្រទេ​សអេរី​ទ្រី (Eritrea) ដែល​ការវិលត្រឡប់​មកវិញ​របស់​ខ្លួន​ក្នុង​ជម្លោះ​នេះ បាន​ធ្វើឱ្យ​មាន​ការបារម្ភ​អំពី​ភាពឃោរឃៅ​ជាថ្មី​ប្រឆាំង​នឹង​ជន​ស៊ីវិល​។​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក អាន​ថូ​នី ប្លីង​កិន បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ស្វាគមន៍​ការចរចា​នេះ​ថា “​មិន​មាន​ដំណោះស្រាយ​យោធា​ចំពោះ​ជម្លោះ​នេះ​នោះ​ទេ​ហើយ​កិច្ចពិភាក្សា​ទាំងនេះ​​តំណាង​ឱ្យ​មធ្យោបាយ​ដ៏​មាន​សក្តានុពល​បំផុត​ក្នុង​ការសម្រេចបាន​នូវ​សន្តិភាព​និង​វិបុលភាព​យូរអង្វែង​សម្រាប់​ប្រជាជន​អេត្យូ​ពី​ទាំងអស់​”​។​

​កិច្ចសន្ទនា​នេះ​ត្រូវបាន​សម្របសម្រួល​ដោយ​បេសកជន​របស់​សហភាព​អាហ្វ្រិក​ប្រចាំ​តំបន់​ស្នែង​អាហ្វ្រិក​និង​ជា​អតីត​ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា លោក អូ​លូ​សេ​ហ្គា​ន់ អូ​បា​សាន​ចូ (Olusegun Obasanjo) រួម​ជាមួយ​អតីត​មេដឹកនាំ​កេន​យ៉ា លោក អ៊ូ​ហ៊ូ​រូ កេន​យ៉ាត​តា (Uhuru Kenyatta) និង​អតីត​អនុ​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក ហ្វូម​ហ្ស៊ីល ម្ល៉ា​បូ​-​អិន​គូ​កា (Phumzile Mlambo-Ngcuka) ខណៈ​បេសកជន​អាម៉េរិក​លោក ម៉ៃ ហាំ​មឺ (Mike Hammer) ក៏​ចូលរួម​ផងដែរ​៕

​ជម្លោះ​បាន​ចាប់ផ្តើម​នៅក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០២០ នៅពេលដែល​លោក​អាប៊ី​បញ្ជូន​កងទ័ព​ចូលទៅក្នុង​តំបន់​ថា​យ​ហ្គ្រេ​ក្នុង​ការឆ្លើយតប​ទៅនឹង​អ្វី​ដែល​គាត់​និយាយថា​ជាការ​វាយប្រហារ​របស់​ក្រុម TPLF លើ​ជំរំកងទ័ព​សហព័ន្ធ